ភ្នំពេញ ៖ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៤ ខែសីហា នេះ គ្រឹះស្ថានសិក្សាឯកជននៅតាមបណ្ដារាជធានី-ខេត្ដចំនួន១៣ កំពុងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ទៅតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលក្នុងនោះមានមណ្ឌលប្រឡងសរុបចំនួន ១៣៨ មណ្ឌលស្មើនឹង ៦៤៦ បន្ទប់។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានឲ្យដឹងថា ដើម្បីអាចប្រព្រឹត្តទៅនៃការប្រឡងនេះបានគ្រឹះស្ថានសិក្សាឯកជន បានដាក់ពាក្យស្នើសុំរៀបចំការប្រឡងមកក្រសួងអប់រំតាមរយៈមន្ទីរអប់រំរាជធានី-ខេត្ដ ចាប់តាំងពីមុនដំណាច់ខែកក្កដា ឆ្នាំ២០២០ មកម្ល៉េះ ដើម្បីអាចឱ្យក្រសួងអប់រំពិនិត្យ និងទទួលស្គាល់ចំពោះការប្រឡងនេះ។
លោកថ្លែងថា ការប្រឡងនេះ ក្នុង១បន្ទប់ប្រឡង គឺត្រូវមានបេក្ខជនពី ១០ ទៅ ១៥នាក់ ដើម្បីធានាអនុវត្តវិធានការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក៕
សំអាង





