កណ្តាល ៖ នៅថ្ងៃសុក្រ ១២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៩និង៣០នាទី នៅចំណុចកែងជ្រោយព្រីង ភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានករណីលង់ទឹក បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់បាត់បង់ជីវិត។
ជនរងគ្រោះឈ្មោះ សល់ រតនា ភេទប្រុស អាយុ៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានឪពុកឈ្មោះ ជួប កុសល់ អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងម្តាយឈ្មោះ វី ថាវី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ឈ្មោះ វី ថាវី បាននាំឈ្មោះ វី ស្រីនុច ភេទស្រី អាយុ១០ឆ្នាំ (ប្អូនបង្កើត) និងឈ្មោះ សល់ រតនា ភេទប្រុស អាយុ០៣ឆ្នាំ (កូនបង្កើត) ជិះទូកទៅបេះត្រកួននៅចំងាយ១០០ម៉ែត្រពីផ្ទះ។ ពេលទៅដល់ចំណុចកើតហេតុ ឈ្មោះ វី ថាវី បានបេះត្រគួននៅក្បាលទូក ទុកប្អូន និងកូន នៅអង្គុយលេងខាងក្រោយ មួយសន្ទុះក្រោយមកស្រាប់តែឈ្មោះ វី ស្រីនុច បានស្រែកប្រាប់ឈ្មោះ វី ថាវី ថាបងអាអូន (សល់ រតនា) ធ្លាក់ទឹកហើយ ឮដូចនេះឈ្មោះ វី ថាវី បានស្ទុះមកចាប់តែចាប់មិនទាន់ក៏លិចទៅក្នុងទឹកទៅ ហើយក៏បានលោតពីលើទូកចុះក្នុងទឹកដើម្បីរាវរក តែរកមិនឃើញ ព្រោះទឹកជ្រៅក៏ទ្បើងលើទូកវិញ រួចជិះទូកមកហៅបងប្អូនឲ្យទៅជួយរក។ បន្ទាប់មកក៏មានបងប្អូនអ្នកជិតខាង ជិះទូកទៅជួយរាវរក ទើបរកឃើញ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ហើយក៏បានរាយការណ៍ប្រាប់ សមត្ថកិច្ចប៉ុស្តិ៍កំពង់ស្វាយ ។
ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចប៉ុស្តិ៍បានសហការជាមួយកម្លាំងផ្នែកពិនិត្យហេតុស្រុកកៀនស្វាយ គ្រូពេទ្យ ក្រុមប្រឹក្សាឃុំ មេភូមិ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យសាកសព និងបានបញ្ជាក់ថា ឈ្មោះសល់ រតនា ភេទប្រុសពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន និងបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ នគរបាលជាតិ









