សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រវាត់ក្រុងទី៣ តម្លៃជាង៤៦០លានដុល្លារអាមេរិក នៅព្រឹកថ្ងៃទី០៣ ខែសីហា ២០២៣។ សម្តេចតេជោ បញ្ជាក់ថា នេះជាលើកចុងក្រោយដែលសម្តេចបង្ហាញ មុខជាសាធារណៈក្នុងនាមជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួម ជាមួយអគ្គរដ្ឋទូតចិន បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវាត់ ក្រុងទី៣ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមា និត្យចិនជាង២៥៩លានដុល្លារ បូករួមថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ជាង២០០ លានដុល្លារអាមេរិក សម្រាប់ការទិញដី និងដោះស្រាយផលប៉ះពាល់ និងការ ដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី៣ គឺជាផ្លូវយុទ្ធសាស្រ្ដដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ដែលជួយសម្រួលដល់ការកកស្ទះនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាការ សម្រួលការដឹកទំនិញផងដែរ ព្រោះតែផ្លូវនេះបានសាងសង់ឆ្លងកាត់ផ្លូវជាតិសំខាន់ៗជាច្រើនខ្សែ។
សម្តេចតេជោ កត់សម្គាល់ថា ផ្លូវមួយខ្សែនេះ គឺជាផ្លូវ ដែល ចំ ណាយថវិកាច្រើនបំផុត ដោយសារចំងាយផ្លូវត្រឹមតែជាង៥៣គីឡូប៉ុណ្ណោះ តែត្រូវចំណាយថវិការហូតដល់៤៦០ លានដុល្លារអាមេរិក។
ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាការតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗរបស់មហាអនុតំបន់មេគង្គ រួមចំណែកក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងភស្តុភារកម្មតំបន់ និងប្រែក្លាយទឹកដីដែលនៅសងខាងផ្លូវខ្សែក្រវាត់ក្រុងនេះ ទៅជាតំបន់អភិវឌ្ឍន៍បូរីលំនៅដ្ឋាន តំបន់ភស្តុភារកម្ម និងឧស្សាហកម្ម ដ៏មានសក្តានុពល និងប្រសិទ្ធភាពសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបញ្ជាក់ឲ្យដឹងថា ផ្លូវក្រវាត់ក្រុងទី៣នេះ មានប្រវែងសរុប ជិត៥៣គីឡូម៉ែត្រ មានទទឹង ២២ម៉ែត្រ មាន៤គន្លង។
ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣នេះដែរ បានតភ្ជាប់ពីផ្លូវជាតិលេខ ៦ លេខ៥ លេខ៤ លេខ៣ លេខ២ រហូតដល់ផ្លូវជាតិលេខ១ កាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល។
គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវក្រវ៉ាត់ទី៣នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានជាមួយធនាគារ នីហរ័ណអាហរ័ណចិន និងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងទឹកប្រាក់ចំនួន ២៥៩លានដុល្លារអាមេរិក កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ និងបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា៕






