លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អំពាវនាវឲ្យរួមគ្នាយកចិត្តទុកដាក់ បង្ការ ទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ដែលជាទម្រង់ថ្មីមួយកំពុងរាលដាល និងបង្កហានិភ័យខ្ពស់ដល់កុមារនៅលើពិភពលោក រួមទាំងកម្ពុជា។
ថ្លែងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវស្តីពី “ការបញ្ឈប់គ្រោះថ្នាក់-Disrupting Harm Study” ការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៏ ថា ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ជាបញ្ហាសកល ដែលពិភពលោកកំពុងតែយកចិត្តទុកដាក់ និងរួមគ្នាដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការរំលោភបំពានក្នុងបរិបទប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មាន។ លោកជំទាវ បញ្ជាក់ថា ក្រុមឧក្រឹដ្ឋជនឆ្លៀតឱកាសទាញយកផលប្រយោជន៍ដោយខុសច្បាប់ ដោយបង្កើតឱ្យមានការកេងប្រវ័ញ្ច និងឧក្រឹដ្ឋកម្មគ្រប់រូបភាព រួមទាំងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ដែលជាទម្រង់ថ្មីមួយកំពុងរាលដាល និងបង្កហានិភ័យខ្ពស់ដល់កុមារនៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ។ ការចំណាយពេលតាមប្រព័ន្ធអនឡាញនាំមកនូវហានិភ័យ និងការគំរាមកំហែងពាក់ព័ន្ធនឹង គ្រោះថ្នាក់ដែលមិនអាចទទួលយកបាន ដោយជៀសមិនផុត។ ហានិភ័យមួយនៃហានិភ័យទាំងនោះ គឺការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងបច្ចេកវិទ្យាឌីជីថលមិនសមស្របក្នុងគោលបំណងកេងប្រវ័ញ្ចនិងរំលោភបំពានផ្លូវភេទលើកុមារ។ ការលួងលោមតាមប្រព័ន្ធអនឡាញ ការចែកចាយសម្ភារៈ រំលោភបំពានផ្លូវភេទកុមារ និងការផ្សាយបន្តផ្ទាល់នូវការរំលោភបំពាន គឺជាឧក្រិដ្ឋកម្មប្រឆាំងនឹងកុមារ ដែលត្រូវការការឆ្លើយតបពហុវិស័យ និងសកលជាបន្ទាន់។ ជាទូទៅ ឧក្រិដ្ឋកម្មទាំងនេះត្រូវបានថតចម្លង ក្នុងទម្រង់ជារូបភាព ឬវីដេអូឌីជីថល ដែលរមែងតែត្រូវបានចែកចាយ និងចែកចាយម្តងហើយម្តងទៀតនៅតាមប្រព័ន្ធអនឡាញ។លោកជំទាវ ខៀវ បូរី បានស្នើក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គប្បីបន្តការគ្រប់គ្រងឱ្យបានហ្មត់ចត់ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត ក្នុងការកំណត់នូវស្តង់ដា ដែលអាចបង្កើតចែកផ្សាយ និងរក្សាកំណត់ត្រាទិន្នន័យ ជាពិសេស បង្កើតគោលនយោបាយការពារកុមារដែលអាចឆ្លើយតបឆាប់រហ័ស និងការទទួលខុសត្រូវចំពោះមាតិតារូបភាព និងសម្ភារអាសអាភាសដែលរក្សាទុកនៅក្រុមហ៊ុន។ ពិសេសសូមជំរុញនិងលើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជន ដែលផ្តល់សេវាអ៊ីនធឺណិត ណែនាំអ្នកប្រើប្រាស់ឧបករណ៍ចែកចាយអ៊ីនធឺណិត ដែលមានសុវត្ថិភាពចំពោះកុមារ។
លោកជំទាវ ស៊ន សាបោន អគ្គលេខាធិការរង នៃអគ្គអគ្គលេខាធិការ ដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បញ្ជាក់ថា នៅកម្ពុជាការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ កើតមានឡើងគួរឱ្យព្រួយបារម្ភ និងទាមទារឱ្យមានការដោះស្រាយជាបន្ទាន់ មុនពេលវាកើតឡើងបន្ថែមទៀត។ កុមារកម្ពុជាមួយចំនួនដែលកំពុងប្រើប្រាស់ទូរស័ព្ទដៃវៃឆ្លាត អាចក្លាយជាជនងាយរងគ្រោះនៃការរំលោភបំពានតាមប្រព័ន្ធអនឡាញនេះ។ តាមការស្រាវជ្រាវ របស់អង្គការយូនីសេហ្វ ចំពោះការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ដោយកុមារអាយុពី១២ឆ្នាំទៅ១៧ឆ្នាំ ចំនួនជាង៨០% ជាអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ៨៦% នៅទីក្រុង, ៨០%នៅទីជនបទ។ កុមារច្រើនលើសលប់ប្រើប្រាស់ទូរស័ព្ទដៃវៃឆ្លាត៩៩% ដើម្បីប្រើប្រាស់ប្រព័ន្ធអនឡាញ ហើយ២៧% និយាយថា ឪពុកម្តាយពួកគេ មានការរឹតត្បិតចំពោះការប្រើប្រាស់អនឡាញ។ កុមារចំនួន ៩% កំពុងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ដែលបានចូលរួមក្នុងការ អង្កេតបានរាយការណ៍ថា ពួកគេបានចែកចាយរូបភាព ឬវីដេអូអាក្រាតរបស់ខ្លួនឯងផ្ទាល់ នៅតាមប្រព័ន្ធអនឡាញ៕






