ខេត្តព្រះសីហនុ ៖ លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ បានឲ្យដឹង នារសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះថា មន្ត្រីសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ដោយមានការសម្របសម្រួល ពីលោកស្រីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តព្រះសីហនុ និងមានការចូលរួម ពីសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរដ្ឋបាលខេត្តព្រះសីហនុ។
កម្លាំងជំនាញសាខាខាងលើ បានចុះឃាត់រថយន្ត ០១គ្រឿង ម៉ាក Mercedes ពណ៌ស ចង្កូតឆ្វេង ប្រើប្រាស់ស្លាកលេខក្លែងបន្លំ 2A-3800 មិនមានពន្ធនាំចូល ដែលមានម្ចាស់ជាជនជាតិចិន ដែលកំពុងតែចតនៅខាងមុខហាង ដែលមានស្លាកយីហោលក់ទំនិញលំដាប់ខ្ពស់ មានទីតាំងស្ថិតនៅតាមបណ្តោយវិថីឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ០២ ក្រុង/ខេត្តព្រះសីហនុ។
លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ បានបញ្ជាក់ថា រថយន្ត ០១គ្រឿងខាងលើនេះ ជំហ៊ានដំបូងត្រូវនាំយកទៅរក្សាទុក នៅសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ដើម្បីសុំគោលការណ៍ពីថ្នាក់ដឹកនាំ។ លុះដល់ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ មន្ត្រីសាខាគយខាងលើបានឲ្យដឹងថា រថយន្តខាងលើនេះ បានបញ្ជូនទៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដើម្បីបន្តអនុវត្តនិតិវិធីច្បាប់។
លោកប្រធានសាខាគយ និងរដ្ឋាករ បានសង្កត់ធ្ងន់ថា ប្រតិបត្តិការនេះ ធ្វើឡើងដើម្បីទប់ស្កាត់ការបន្លំគេចពន្ធ ពីម្ចាស់យានយន្តគ្រប់ប្រភេទ ដូចដែលសាខាគយនិ ងរដ្ឋាករខេត្តព្រះសីហនុ តែងតែបានអនុវត្តន៍នាពេលកន្លងមក នៅតាមកន្លែងលក់ទោចក្រយានយន្ត យានយន្តមួយចំនួន នៅក្នុងខេត្តព្រះសីហនុ ប្រយោជន៍ដើម្បីឈានទៅប្រមូលប្រាក់ពន្ធ តាមច្បាប់ស្តីពីការបង់ពន្ធ ដើម្បីបង្កើនចំណូលថវិការជាតិ សម្រាប់ឈានឆ្ពោះទៅការអភិវឌ្ឍន៍ប្រទេសជាតិយើង ហើយយុទ្ធនាការខាងលើ នៅតែបន្តឲ្យបានដូចជាភ្លៀង រលឹម តាមបទបញ្ជារបស់លោកអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្នុងព្រះរាជាណាចក្រកម្ពុជាយើង៕






