សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសៅរ៏នេះ បានអញ្ជើញចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាពលរដ្ឋខេត្តកំពង់ធំជិត ៧ពាន់គ្រួសារ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៏ថា ទំហំ នៃការខូចខាតនៅឆ្នាំនេះ អាចច្រើនជាងឆ្នាំ២០០០ទៅទៀត ត្បិតតែទឹកជំនន់ ស្រកយឺត និងបង្កការខូចផលដំណាំស្រូវរបស់ប្រជាពលរដ្ឋយ៉ាងច្រើន។ សម្តេច តេជោ បន្ថែមថា ដំបូងមានការបារម្ភថា តើការចែកពូជស្រូវដល់ប្រជាពលរដ្ឋនេះ អាចឲ្យពលរដ្ឋស្តារ និងធ្វើស្រូវឡើងវិញបានរឺអត់ ប៉ុន្តែនៅពេលទឹកស្រកយឺត បានផ្តល់លទ្ធភាពដល់កសិករ អាចស្តារ និងបង្កបង្កើនផលស្រូវឡើងវិញបាន។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានចំណាយពេលជាងមួយសប្តាហ៏ ចុះជួប សំណេះដោយផ្ទាល់ ដើម្បីចែកស្រូវពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋនៅ តំបន់ជុំវិញបឹងទន្លេសាប ក្រោយរងគ្រោះដោយសារទឹកជំនន់។ នេះជាការយក ចិត្តទុកដាក់យ៉ាងសំខាន់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខទុក្ខប្រជា ពលរដ្ឋ។ សម្តេចតេជោ មានប្រសាសន៏ថា ទីណាមានការលំបាក គឺតែងតែ ឃើញមុខគណបក្សប្រជាជនកម្ពុជា ចុះជួយ និងដោះស្រាយជូនប្រជាពលរដ្ឋ នៅគ្រប់ពេលវេលា។ សម្តេចតេជោ សង្ឃឹមថា ការផ្តល់ស្រូវពូជជូនប្រជាពលរដ្ឋ នៅពេលនេះ គឺនឹងអាចឲ្យប្រជាពលរដ្ឋស្តារការងារបង្កបង្កើនផលឡើងវិញ ដើម្បីជីវភាពរស់នៅ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលស្រូវពូជ និងស្បៀងអាហារនេះ មានចំនួន ៦,៨៤៤គ្រួសារ មកពី ៩ក្រុង ស្រុក ៤៨ឃុំសង្កាត់ និង ២៩៨ភូមិ។ ស្រូវពូជដែលនឹងប្រគល់ជូនប្រជាពលរដ្ឋមានចំនួន ៦៨៤,៤០០គីឡូក្រាម រួមនឹងគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមាន៖ អង្ករ ត្រីខ មី និងថវិកាមួយចំនួនទៀត។ ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា ខេត្តកំពង់ធំ ដែលជាតំបន់វាលទំនាបកណ្តាល បានទទួលរងគ្រោះទឹកជំនន់ និងប៉ះពាល់ចំនួន ៩ក្រុង ស្រុក ៥១ឃុំ សង្កាត់ និង ២៩២ភូមិ។ ប៉ះពាល់ប្រជាពលរដ្ឋចំនួន ២៩,៣៣៦គ្រួសារ ក្នុងនោះជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពចំនួន ១,៥០១គ្រួសារ។ ទឹកជំនន់ បានប៉ះពាល់ដំណាំស្រូវ ២៥,៣៩៥ហិកតា ខូចខាត១២,៣០៧ហិកតា និងដំណាំរួមផ្សំ ១,៧៦៦ហិកតា ខូចខាត១,២៥៦ហិកតា និងប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធ ខូចខាតស្ពានទាំងស្រុងចំនួន០២កន្លែង ផ្លូវជនបទមួយចំនួនទទួលរងការខូចខាតប៉ះពាល់សាលារៀន មណ្ឌលសុខភាព និងវត្តអារាមមួយចំនួនទៀត៕
អត្ថបទ សំ វណ្ណា
រូបភាព យុទ្ធគុណ






