នៅព្រឹកថ្ងៃសៅរ៍ ៤ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស .២៥៦៨ ត្រូវនឹងថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញផ្តល់សន្ទរកថាក្នុងពិធីបើកតុមូលធុរកិច្ចថ្នាក់តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។ កិច្ចប្រជុំនេះ មានការចូលរួមពីតួអង្គសំខាន់ៗ ក្នុងគោលបំណងពង្រឹងកិច្ចសន្ទនាគោល នយោបាយឱ្យកាន់តែស៊ីជម្រៅ រវាងរដ្ឋាភិបាល និងសហគមន៍ធុរកិច្ច។
វាអាចជួយពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន ហើយប្រើប្រាស់ឱ្យបានពេញលេញនូវការផ្តល់ឱ្យរបស់តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគ នៅទូទាំងតំបន់។






