(ភ្នំពេញ)៖ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីន។
តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមគាំទ្រយ៉ាងសកម្ម និងផ្តល់កិច្ចសហប្រ តិបត្តិការដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា អស់រយៈពេលជាង៣០ឆ្នាំ ដែលកម្ពុជាបានចាត់ទុកជប៉ុន គឺជាដៃគូដ៏លេចធ្លោ និងយូរអង្វែងមួយ។ ការចូលរួមរបស់ជប៉ុន ពិតជាបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ផ្តល់ដីសុវត្ថិភាព កាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងលើកកម្ពស់វិស័យកសិកម្ម ជាដើម។
ក្នុងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលបានផ្តល់ការគាំទ្រដល់វិស័យសកម្មភាពមីនសកល និងគាំទ្រដល់បណ្តាប្រទេសនានា ដែលមានតម្រូវការក្នុងវិស័យសកម្ម ភាពមីន។ ជាមួយគ្នានោះ កម្ពុជា សូមគាំទ្រភាពជាប្រធានរបស់ប្រទេសជប៉ុននៃកិច្ចប្រជុំរដ្ឋភាគីអនុសញ្ញាអូតាវ៉ាលើកទី២២ ឆ្នាំ២០២៥ ខាងមុខ។
ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរ គុណរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិយ៉ាងជិតស្និទ្ធ លើកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា។ ឯកអគ្គរាជទូតជប៉ុន ក៏បានលើកឡើងអំពីដំណើរទស្សនកិច្ចផ្លូវការរបស់លោកជំទាវរដ្ឋមន្រ្តីការបរទេសជប៉ុន និងប្រធានស្ថាប័ន JMAS នៅប្រទេសកម្ពុជា ក្នុងខែកក្កដា ឆ្នាំ ២០២៤ នេះ។ ប្រធានស្ថាប័ន JMAS នឹងចូលជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត លី ធុជ ផងដែរ៕






