ថ្នាក់ដឹកនាំកំពូលកម្ពុជា និងនូវែលសេឡង់ បានប្តេជ្ញារិះរកមធ្យោបាយនានា ក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រ តិបត្តិការទ្វេភាគី ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។
ការប្តេជ្ញាបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ នេះធ្វើឡើងនៅក្នុងជំនួបទ្វេភាគី រវាងសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា និង នាយករដ្ឋមន្ត្រី នូវែលសេឡង់ លោកជំទាវ ជេស៊ីនដា អារដឺន នៅវិមានសន្តិភាព កាលពីម្សិលមិញ។
សម្ដេចតេជោ បានអំពាវនាវឱ្យមានការផ្សារភ្ជាប់ពាណិជ្ជ កម្មកាន់តែខ្លាំងក្លា ការនាំចូលអង្ករបន្ថែមទៀតពីកម្ពុជាទៅកាន់នូវែលសេឡង់ និងការវិនិយោគពីប្រទេសនូវែលសេឡង់លើវិស័យ កសិ-ឧស្សាហកម្ម ដូចជារោងម៉ាស៊ីនកិនស្រូវជាដើម។
សម្តេច ក៏បានកោតសរសើរចំពោះការបន្តរួម ចំណែករបស់នូវែលសេឡង់ ក្នុងការអភិវឌ្ឍធន ធានមនុស្សនៅកម្ពុជា រួមទាំងការផ្តល់អាហារូបករណ៍ដ៏មានសារៈសំខាន់សម្រាប់មន្ត្រីរដ្ឋាភិបាល និងនិស្សិតកម្ពុជាផងដែរ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ជេស៊ីនដា អារដឺន (Jacinda Ardern) នាយករដ្ឋមន្ត្រីនូវែលសេឡង់ បានសម្តែងការពេញចិត្តចំពោះ វិវត្តន៍នៃទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការជាយូរ មកហើយរវាងប្រទេសទាំងពីរ នៅក្នុងជំនួបពិភាក្សាទ្វេភាគី នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
លោកជំទាវនាយករដ្ឋមន្រ្ដី ជេស៊ីនដា អារដឺន បានអបអរ សាទរសម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះភាពជោគជ័យក្នុងតួនាទីជាប្រធានអាស៊ាន និងការរៀបចំដ៏ល្អក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ ព្រមទាំងទទួលស្គាល់ពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការដោះ ស្រាយវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយជោគជ័យ។
សម្តេចបានថ្លែងអំណរគុណនូវែលសេឡង់ ដែលបានចូលរួមចំណែកដ៏សំខាន់ក្នុងដំណើរការសន្តិភាពនៅកម្ពុជា និងសម្រាប់ការបន្តផ្ដល់ជំនួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា រួមមានវិស័យអប់រំ កសិកម្ម ថាមពលកកើតឡើងវិញ និងការបោសសំអាតមីន។
នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិនានា ដែលក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីភាពស្មុគ ស្មាញនៃវិបត្តិមីយ៉ាន់ម៉ា និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងតួនាទីជាប្រធានអាស៊ាននៅឆ្នាំនេះ ដើម្បីជំរុញការអនុវត្តនៃការព្រម ព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) របស់ថ្នាក់ដឹកនាំអាស៊ាន ។
សម្តេចបានបញ្ជាក់ពីជំហររបស់កម្ពុជាប្រឆាំងនឹងការគំរាមកំហែងដោយការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងបានលើកឡើងជាថ្មីនូវការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជាចំពោះរដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលមិនអនុញ្ញាតឱ្យឬមានវត្តមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីកម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាការជួស ជុលមូលដ្ឋានកងទ័ពជើងទឹករាម មានគោលបំណងតែមួយ គត់ គឺដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជា ដើម្បីការពារបូរណភាពដែនសមុទ្ររបស់ខ្លួន៕







