(ខេត្តសៀមរាប) ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ឆ្នាំ២០២៤ ដែលពិធីនេះបានប្រារព្ធធ្វើឡើងក្នុងខេត្តសៀមរាប និងមានការចូលរួមពីតំណាងស្ថានទូតប្រចាំកម្ពុជា តំណាងដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ វិស័យឯកជន និងភាគីពាក់ព័ន្ធដទៃទៀត។
ទិវាអន្តរជាតិយល់ដឹងអំពីមីន បានប្រព្រឹត្តិទៅក្រោមប្រធានបទ “ការពារជីវិត កសាងសន្តិភាព” ក្នុងគោលបំណងរំលឹកអំពីសារសំខាន់ និងលើកកម្ពស់ការយល់ដឹងអំពីការគំរាមដែលបង្កឡើងដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មកលើប្រជាជនស្លូតត្រង់នៅទូទាំងពិភពលោក។
ពិធីនេះ មានការចូលរួមផ្តល់នូវចំណាប់អារម្មណ៍ពីឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា តំណាងស្ថានទូតចិន ស្ថានទូតជប៉ុន ស្ថានទូតហ្វីលីពីន ស្ថាន ទូត អាមេរិក ស្ថានទូតបារាំង ទីភ្នាក់ងារស្វីសសម្រាប់ការអភវិឌ្ឍន៍ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហ ប្រជា ជាតិ(UNDP) និងតំណាងសមាគម TAFTAC ដែលបានបង្ហាញពីតាំងចិត្ត និងឆន្ទះក្នុងការរួមចំណែកដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាកិច្ចសង្រ្គោះជនរងគ្រោះ ផងដែរ។
ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា គ្រាប់មីន នៅតែបន្តគំរាមកំហែងដល់អាយុជីវិត រារាំងការអភិវឌ្ឍន៍ និងរំខានដល់សន្តិភាព ព្រមទាំងជារបាំងដល់ការរីកចម្រើននៃសហគមន៍ និងការរស់ឡើងវិញនៃប្រជាជាតិ ហើយការប្រារព្ធទិវាអន្តរជាតិនេះ គឺជាការរំលឹកពីកាតព្វកិច្ចរួម ដើម្បីការពារក្តីសុបិនរបស់មនុស្សជំនាន់ក្រោយអាចរស់នៅប្រកបដោយសុវត្ថិភាព តាមរយៈការប្តេជ្ញាចិត្តរួមដើម្បីធានាឱ្យពិភពលោកគ្មានការគំរាមដែលបណ្តាលមកពីគ្រាប់មីន។
ជាមួយគ្នានេះ ការប្រារព្ធទិវាអន្តរជាតិនេះ បង្កប់នូវស្មារតីនៃសាមគ្គីភាព និងក្តីមេត្តាជាសកល ដើម្បីរួមចំណែកដល់សកម្មភាពមនុស្សធម៌ និងឆ្លើយតបគ្រប់ជ្រុង ជ្រោយរបស់សហគមន៍អន្តរជាតិលើបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
សូមជម្រាបថា កម្ពុជាក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ ២០២៤ បានបង្ហាញពីគំរូនៃការតស៊ូជាសកលប្រឆាំងនឹងការគំរាមកំហែងនៃគ្រាប់មីន។ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ មិន មែនគ្រាន់តែជាកិច្ចប្រជុំប៉ុណ្ណោះទេ វាគឺជាសញ្ញានៃក្តីសង្ឃឹម ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាសម្រាប់ពិភពលោកមួយប្រកបដោយសុវត្ថិភាព និងទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែង -សាមគ្គីភាពអន្តរជាតិ ការច្នៃប្រឌិតបច្ចេកវិទ្យា និងការដោះ ស្រាយរួមគ្នា ដើម្បីបោះជំហានឆ្ពោះទៅរកសន្តិភាព ដែលជាពិភពលោកគ្មានការគំរាមកំហែងពីគ្រាប់មីន៕






