កម្មករនិយោជិតតាមបណ្តារោងចក្រសហគ្រាសធំៗ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានជួបជុំគ្នានៅក្នុងបរិវេណរោងចក្រ សហគ្រាសរៀងៗខ្លួន អបអរសាទរចំពោះការដាក់បញ្ចូលប្រាសាទកោះកេររបស់ខ្មែរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ការចេញគាំទ្ររបស់រោងចក្រកាត់ដេរទាំងនេះ គឺធ្វើឡើងព្រមៗគ្នាជាមួយក្រសួង មន្ទីរ វត្តអារាម និងប្រជាជនខ្មែរទូទាំងប្រទេស ក៏ដូចជាប្រជាជនខ្មែរនៅទូទាំងពិភពលោកដែលប្រសាទដូនតារបស់ខ្លួនមួយទៀត ត្រូវចូលជាសម្បត្តិរបស់មនុស្សជាតិក្នុងលោក។
កម្មករនិយោជិតបាននាំគ្នាស្រែកព្រមៗគ្នាថា៖ «សូមអបអរ ! ប្រាសាទកោះកេរត្រូវបានដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជ័យយោ ! ព្រះរាជណាចក្រកម្ពុជា »។
កម្មករនិយោជិតបាននាំគ្នាស្រែកហោយ៉ាងអឺងកង អ្នកខ្លះ គោះត្រដោក គោះធុង ដោយទឹកមុខសប្បាយរីករាយ និងបង្ហាញពីទឹកចិត្តមោទកភាពចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះដែលរាជរដ្ឋាភិបាលសម្រេចបានយ៉ាងត្រចេះត្រចង់ចំពោះការចុះនូវសម្បត្តិវប្បធម៌ដែលដូនតាខ្មែរបន្សល់ទុក។
រោងចក្រទាំងនោះរួមមាន ក្រុមហ៊ុន W&D ស្ថិតនៅក្នុងខណ្ឌ មានជ័យ ក្រុមហ៊ុន ឌីឡាក់ ហ្គា ស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យ រោងចក្រ ត្រាកស៍ អឹ ឌី ស្ថិតនៅក្នុងសែនសុខ ក្រុមហ៊ុន អ៊ីស្តក្រោន ស្ថិតនៅក្នុងខណ្ឌមានជ័យ និង ក្រុមហ៊ុន លីឌីងស្តារ ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ និងតាមបណ្តារោងចក្រសហគ្រាសផ្សេងទៀតផងដែរ។
សូមបញ្ជាក់ថា «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ (Riyadh) នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕






