លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៅថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២៥នេះ បានប្រគល់ថវិការបស់កាកបាទក្រហមកម្ពុជា ចំនួន១០លានរៀល ជូនលោក សំ នន ត្រូវជាឪពុករបស់លោកស្រី នន លក្ខណា ដែលមានរបួសធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម ដោយសារគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កាលពីថ្ងៃទី១០ ខែមករាកន្លងទៅ។ សូមជម្រាបជូនថា កាលពីថ្ងៃម្សិលម៉ិញនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងនាំយកថវិកាចំនួន ១៥លានរៀល រួមជាមួយគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនដល់ក្រុមគ្រួសារសព ឪពុក និងកូនតូច ២នាក់ ដែលតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គួររំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង ១៨:០០នាទីល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥កន្លងទៅ នៅលើផ្លូវ៦០ម៉ែត បណ្តាលឱ្យមនុស្សមួយគ្រួសារ មានអ្នកស្លាប់ ៣នាក់ និងរងរបួសធ្ងន់ធ្ងរម្នាក់ហើយលោកស្រី នន លក្ខណា (ត្រូវជាភរិយា) អាយុ ២៣ឆ្នាំ របួសធ្ងន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម៕






