ក្រសួងសាធារណការ និងដឹកជញ្ជូន មានរៀបចំកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប។

សម្ដេចពិជ័យសេនា បានជំរុញលើកទឹកចិត្តឲ្យសមាជិកសមាជិកានៃគណៈកម្មការអន្តរក្រសួងពាក់ព័ន្ធទាំងអស់ចូលរួមផ្ដល់មតិយោបល់ទាក់ទងនឹងការសិក្សាប្លង់ស្ថាបត្យ កម្មលម្អិតនៃ ខ្សែផ្លូវទាំង៣៨ខ្សែ ក៏ដូចជាការត្រៀមរៀបចំពិធីបើកការដ្ឋាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ឱ្យប្រព្រឹត្ត ទៅដោយរលូន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពនៃការត្រៀមរៀបចំបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែ ដោយបានគូសបញ្ជាក់ថា៖
ក្រុមការងារអន្តរក្រសួងបានចុះពិនិត្យសិក្សាលម្អិតលក្ខណៈបច្ចេកទេសផ្លូវដែលត្រូវសាងសង់ បានពិនិត្យជ្រើសរើសរួចរាល់ខ្សែផ្លូវអាទិភាពដែលត្រូវសាងសង់ប្រវែងសរុបចំនួន១០៨គីឡូម៉ែត្រ បានពិភាក្សាលម្អិតលើការងារបច្ចេកទេសជាមួយអង្គភាពទទួលសាងសង់ បានតម្រូវឱ្យអង្គភាពសាងសង់អនុវត្តតាមលក្ខខណ្ឌតម្រូវនៃស្តង់ដារ បច្ចេកទេស បានធ្វើបញ្ជីប៉ាន់តម្លៃចប់សព្វគ្រប់ និងបានប្រគល់ជូនអង្គភាពសាងសង់រួចរាល់ហើយផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងថា៖ អង្គភាពដែលទទួល យកការងារសាងសង់ផ្លូវទាំង៣៨ខ្សែនេះរួមមាន៖ កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប កងវិស្វកម្ម១០៨ នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវរបស់ក្រសួងសាធារ ណការ និងដឹកជញ្ជូន នាយកដ្ឋានជួសជុល និងថែទាំផ្លូវក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គនាយកដ្ឋានសាធារណការ នាយកដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប។

ការសាងសង់ផ្លូវទាំង៣៨ខ្សែនេះត្រូវបានបែងចែកជាបួនប្រភេទ ក្នុងនោះ៖ ប្រភេទទីមួយចាក់បេតុងចំនួន២៥សង់ទី ម៉ែត្រដូចជាផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូ(AC)ពីលើទេ ប្រភេទទីពីរចាក់បេតុងចំនួន២០សង់ទីម៉ែត្រ និងកន្លែងខ្លះ៧សង់ទីម៉ែត្រ។

យោង ទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន ប្រភេទទីបីជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុងហើយអ៊ុតកៅស៊ូបេតុងតែម្ដង និងប្រភេទទីបួន អ៊ុតកៅស៊ូបេតុង១៥សង់ទីម៉ែត្រពីលើតែម្ដង ដោយសារគ្រឹះផ្លូវនោះនៅមានភាពរឹងមាំស្រាប់ទៅហើយ។

យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល គណៈកម្មការអន្តរក្រសួងមានសិទ្ធិបង្កើតក្រុមការងារបច្ចេកទេស សម្រាប់ដំណើរការរបស់ខ្លួនយោងតាមការចាំបាច់ ក្រៅពីនេះនឹងមានក្រុមការងារបច្ចេកទេសចំនួន៨កងទៀត ប្រចាំការនៅខេត្តសៀមរាប ដើម្បីតាមដាន និងធ្វើរបាយការណ៍អំពីដំណើរការសាងសង់ ថាតើបានអនុវត្តស្របតាមបទដ្ឋានបច្ចេកទេស និងសៀវភៅ បន្ទុកដែរឬយ៉ាងណា ក្នុងករណីអង្គភាពសាងសង់មិនគោរពតាមបទដ្ឋានបច្ចេកទេស នោះនឹងមិនត្រូវបានទូទាត់ប្រាក់ជូនឡើយ៕






