សាធារណរដ្ឋកូរ៉េ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យ កសិកម្ម ឧស្សាហកម្ម ការពារជាតិ និងបច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីជួយកម្ពុជាឱ្យសម្រេចគោលដៅក្លាយជា ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
នេះជាការបញ្ជាក់របស់ឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉ ប្រចាំព្រះរាជាណាចក្រកម្ពុជា“ នៅក្នុងជំនួបសម្តែងការគួរសមជាមួយឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ភាគីទាំងពីរ បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងសាធារណរដ្ឋ កូរ៉េ ដែលបានឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ញឹកញាប់ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ចំនួន រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ និង កិច្ចព្រមព្រៀងស្តីពីការចៀស វាងការយកពន្ធត្រួតគ្នា ព្រមទាំងកិច្ចសហប្រតិបត្តិការទ្វេ ភាគី ប្រកបដោយផ្លែផ្កាលើវិស័យជាច្រើន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ សម្រាប់កិច្ចសហប្រតិ បត្តិការអភិវឌ្ឍ រួមទាំងការជួយឧបត្ថម្ភក្នុងវិស័យអប់រំ និងការទទួល យកពលករកម្ពុជា ទៅបម្រើការងារក្នុងចំនួនយ៉ាង ច្រើន។
ឯកឧត្ដម Park Jung-Wook បានសម្តែងនូវឆន្ទៈរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជាក្នុងវិស័យផ្សេងៗ មានដូចជា កសិកម្ម ឧស្សាហកម្ម ការពារជាតិ និងបច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីជួយកម្ពុជាឱ្យសម្រេចគោលដៅក្លាយជា ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្ដម Park Jung-Wook បានសង្កត់ ធ្ងន់អំពីសារៈ សំខាន់នៃការរៀបចំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះ ដែលគ្រោងនឹងរៀបចំនៅចុងខែតុលា នេះ ដែលនឹងរួមចំណែកក្នុងការកំណត់ទិសដៅសកម្មភាពថ្មីទៀត សំដៅពង្រឹងបន្ថែមនូវកិច្ចសហ ប្រតិបត្តិការនៃប្រទេសទាំងពីរ។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួមផងដែរ៕






