បើតាមក្រសួងទេសចរណ៍ បានឱ្យដឹងថា ព្រឹត្តិការណ៍សមរាត្រីអង្គរ ដែលត្រូវបានគេស្គាល់ថាជាពេលវេលាដែលព្រះអាទិត្យរះចំពីលើកំពូលប្រាសាទអង្គរវត្ត និងជាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលមាននៅលើទឹកដីខេត្តសៀមរាប នៃប្រទេសកម្ពុជា នឹងចូលមកដល់ម្តងទៀតហើយចាប់ពីថ្ងៃទី២០-២៣ខែមីនា ឆ្នាំ២០២៤ ចន្លោះពីម៉ោង៥ព្រឹក ដល់ម៉ោង៧ព្រឹក។ យ៉ាងណាដើម្បីអបអរព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក្រសួងទេសចរណ៍ បានរៀបចំការ ប្រកួតប្រជែងរូបថតសមរាត្រីអង្គរអច្ឆរិយៈ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ-អន្ដរជាតិ និងមហាជន ចូលរួមប្រកួតថតរូបព្រឹត្តិការណ៍សមរាត្រីអង្គរដែលស្អាតនឹងមានឱកាសទទួលបានរង្វាន់ចាប់ពី ១លានរៀល ដល់៣លានរៀល ព្រមទាំងលិខិតសរសើរផងដែរ។ ក្រសួងទេសចរណ៍ សង្ឃឹមថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងទាក់ទាញទេសចរជាតិ និងអន្ដរជាតិមកកំសាន្ដនៅខេត្ត សៀមរាបកាន់តែច្រើនស្របតាមយុទ្ធនាការណ៍ “ទស្សនាសៀម រាប ឆ្នាំ២០២៤”។ សូមជម្រាបថា ការប្រកួតប្រជែងរូបថតសមរាត្រីអង្គរអច្ឆរិយៈនេះ ក្រុមការងាររបស់ក្រសួងនឹងបើកទទួលរូបថតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤៕






