ក្រសួងបរិស្ថាន សហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការជីវិតសត្វស្លាបអន្តរជាតិ ដោយមានការគាំទ្រពីអង្គការ IUCN-Netherland បានផ្តួចផ្តើមធ្វើស្រូវមិត្តក្រៀល ក្នុងគោលបំណងដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សសត្វក្រៀលនៅកម្ពុជា។
នៅអំឡុងពេលទស្សនកិច្ចពិនិត្យមើលគម្រោងស្រូវមិត្តក្រៀល នៅតំបន់ការពារទេសភាព អន្លង់ព្រីងក្នុងភូមិសាស្ត្រឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ឯក ឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង បរិស្ថាន នៅថ្ងៃទី២៣ ខែកក្កដា បានបញ្ជាក់ថា សត្វក្រៀលដែលជាប្រភេទសត្វស្លាបមួយ ត្រូវបានចាត់ជាប្រភេទសត្វ ស្លាបងាយរងគ្រោះក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ។


ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា បច្ចុប្បន្ននេះក្រសួងបរិស្ថាន និងអង្គការដៃគូបាននឹងកំពុងអនុវត្តគម្រោងសាកល្បងធ្វើស្រូវមិត្តក្រៀល ដែលមានការចូលរួមពីកសិករមូលដ្ឋាននៅជុំវិញតំបន់ ការ ពារទេសភាពអន្លង់ព្រីង។
ចំពោះប្រភេទស្រូវ ដែលដាំគឺជាប្រភេទពូជស្រូវប្រចំាតំបន់ និងជាពូជស្រូវដែលសត្វក្រៀលចូលចិត្តស៊ី ហើយការធ្វើស្រូវមិត្តក្រៀលនេះ គឺគោរពលក្ខ ខណ្ឌមិនបរបាញ់ មិនដាក់អន្ទាក់ ឬប្រើថ្នាំពុលដើម្បីចាប់សត្វស្លាប មិនពង្រីកដីដំណាំរបស់ខ្លួនលើតំបន់អភិរក្ស និងជាស្រូវសរីរាង្គ មិនអនុញ្ញាតឱ្យប្ប្រាស់ថ្នាំពុលកសិកម្ម និងជីគីមីឡើយ។ ឯកឧត្តមបានឱ្យដឹងថា ចំពោះស្រែដែលបានជួលពីប្រជាពលរដ្ឋ នៅពេលស្រូវទុំ ប្រមាណជា៥០% ត្រូវបានច្រូតនិងវេចខ្ចប់ដាក់លក់លើទីផ្សារ និងដោយឡែកប្រមាណ៥០%ទៀត ត្រូវបានរក្សាទុកក្នុងស្រែដើម្បីជាចំណីបន្ថែមដល់សត្វក្រៀល និងជាចំណីរបស់ប្រភេទសត្វស្លាបផ្សេងទៀត។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ការការពារ និងអភិរក្សសត្វក្រៀលទទួលបានជោគជ័យ លុះត្រាតែមានការគិតគូរពីជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន និងមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់។
ក្រសួងបរិស្ថាននឹងបន្តធ្វើការជាមួយអង្គការពាក់ព័ន្ធក្នុងការស្វែងរកទីផ្សារសម្រាប់ស្រូវមិត្តក្រៀលនេះ ដើម្បីធ្វើឱ្យការសាកល្បងនេះទទួលបានជោគជ័យ ដែលអាចឈានទៅដល់ការជំរុញ និងលើកទឹក ចិត្តប្រជាកសិករនៅតំបន់នេះ ចូលរួមដាំស្រូវមិត្តក្រៀលនេះ ហើយលក់បានក្នុងតម្លៃខ្ពស់ ព្រោះបានផ្សារភ្ជាប់នឹងការអភិរក្សជីវៈចម្រុះ។

លោក ប៊ូ វរសក្ស នាយកស្តីទីរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា និងជានាយកកម្មវិធីប្រចាំកម្ពុជារបស់អង្គការជីវិតសត្វស្លាបអន្តរជាតិមានប្រសាសន៍ថា អនុវត្តគម្រោងសាក ល្បងធ្វើស្រូវមិត្តក្រៀលនៅតំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងគោលបំណងដើម្បីធានាថា តំបន់ការពារទេសភាពអន្លង់ព្រីងនៅតែបន្តដើរតួនាទីដ៏សំខាន់ក្នុងការគាំទ្រដល់សត្វក្រៀលកុំឱ្យផុតពូជ។ យើងត្រូវធ្វើឱ្យវាលស្រែនៅជុំវិញតំបន់នេះ ក្លាយជាទីជម្រក និងជាកន្លែងផ្តល់ចំណីដ៏មានសុវត្ថិ ភាពដល់ពួកវា។
មកដល់ពេលនេះ យើងបានជួលដីធ្វើស្រូវមិត្តក្រៀលជាមួយនឹងប្រជាសហគមន៍ចំនួន១៦ គ្រួសារ ដែលមានផ្ទៃដីទំហំ១៧ ហិចតា រយៈពេល ១០ឆ្នាំ ដើម្បីសាកល្បងដាំស្រូវឱ្យក្រៀលស៊ី និងផ្តល់ប្រាក់ចំណូលបន្ថែមដល់សហគមន៍មូលដ្ឋាន។
គួរបញ្ជាក់ផងដែរថា សត្វក្រៀល ត្រូវបានចាត់ជាប្រភេទសត្វ ស្លាបងាយរងគ្រោះក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ។
យោងតាមការធ្វើជំរឿនសត្វក្រៀលនៅក្នុងឆ្នាំ២០២០ វត្តមានសត្វក្រៀលមានប្រមាណ១៩៤ក្បាលប៉ុណ្ណោះ។
ចំនួនសត្វក្រៀលមានការធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសារអត្រាស្លាប់កម្រិតខ្ពស់ និងអត្រាពងកូននៅមានកម្រិតទាប។
លើសពីនេះមានកត្តាគំរាមកំហែងផ្សេងៗដូចជាការបាត់ បង់ទីជម្រ ក ការរំខាននៅទីតាំងពងកូន ការបំពុលដោយថ្នាំពុលកសិកម្ម ការថយចុះនូវប្រភពចំណីអាហារ ការកែប្រែប្រព័ន្ធជលសាស្ត្រជំងឺឆ្លង និងការប្រែប្រួលអាកាសធាតុជាដើម៕






