ក្រសួងបរិស្ថាននៅ ក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន តាមរយៈការចង្អុល បង្ហាញ និងណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយតាមរយៈយុទ្ធសាស្រ្តចាក្រានេះ ក្រសួងបរិស្ថានបាននិងកំពុងរៀបចំសម្អាតផ្ទះយើងឱ្យបានស្អាត មានអនាម័យ ទទួល ភ្ញៀវទេស ចរណ៍ អ្នកវិនិយោគជាតិ និងអន្តរជាតិ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើក “សន្និបាតបូកសរុប លទ្ធផលការងារបរិស្ថានឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥” របស់ក្រសួងបរិស្ថានឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថាចំពោះយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន”ភាពស្អាត” ក្រសួងបរិស្ថានក្នុងឆ្នាំ២០២៤ កន្លងមកនេះ បានបើកយុទ្ធនាការ “ផ្ទៃមេឃពណ៌ខៀវ” និងពង្រឹងនូវការត្រួតពិនិត្យ និងវិភាគគុណភាពខ្យល់។ លទ្ធផលរក្សាគុណភាពខ្យល់បានល្អ និងបានផ្សព្វផ្សាយប្រចាំថ្ងៃជូនសាធារណៈជនយល់ដឹងជារៀងរាល់ថ្ងៃ។
ក្រសួងបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចេះទុកដាក់ និងញែកសំរាម តាមរយៈយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” មានការចូលរួមប្តេជ្ញាចិត្តពីសិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងប្រទេស ជាង៩,៧ លាន អង្គ/នាក់និងយុទ្ធនា ការ“កម្ពុជាស្អាត ខ្មែរធ្វើបាន” មានសិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមចំនួន ៣,៦ លាន អង្គ/នាក់។ ជាមួយគ្នានេះ កាត់បន្ថយការនាំចូលប្លាស្ទិកបាន ៨០% និងកាត់បន្ថយសំរាម/ប្លាស្ទិករាយប៉ាយតាមដងផ្លូវ ក្នុងខេត្តចំនួនដប់មួយ បានប្រមាណ ៨០% បើធៀបនឹងឆ្នាំ ២០២៣។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រី គូសបញ្ជាក់បន្ថែមថា ក្រសួងបានកែលម្អស្ថានីយ៍ គ្រប់គ្រងសំណល់រឹង រាវ តាមស្តង់ដារ និងមានអនាម័យបានល្អស្របតាមច្បាប់ជាធរមានរបស់កម្ពុជា។
ក្រសួងបរិស្ថានបានធ្វើទំនើបកម្ម ការតាមដាននិងត្រួតពិនិត្យការបំពុលបរិស្ថានពីចម្ងាយ ទៅលើទីតាំងក្រុមហ៊ុន ឬ រោងចក្រ ដែលជាប្រភពនៃការបញ្ចេញសំណល់ ដែលមានហានិភ័យខ្ពស់ ដល់បរិស្ថាន សំដៅពង្រឹងការអនុវត្តច្បាប់ កាត់បន្ថយពេលវាលា និងសកម្មភាពចុះផ្ទាល់របស់មន្រ្តីជំនាញ ដែលអាចបង្កការរំខានដល់វិនិយោគគិន និងកាត់បន្ថយការបំពុល បរិស្ថាន តាមរយៈ ការតម្រូវឱ្យបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ នៅត្រង់ចំណុចបញ្ចេញសំណល់ នៅតាមប្រភពបំពុល សក្ដានុពលទាំងអស់ ដើម្បីធ្វើការវាស់ស្ទង់បរិមាណនិងកម្រិតសារធាតុបំពុលបញ្ចេញ និងបញ្ជូនទិន្នន័យមកក្រសួងបរិស្ថាន តាមប្រព័ន្ធអនឡាញ ដោយស្វ័យប្រវត្តិ។
រោងចក្រសហគ្រាស ចំនួន៣៦ គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ បាននិងកំពុងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ចេញសំណល់រាវ នៅតាមទីតាំងរបស់ខ្លួន ក្នុងចំណោមរោងចក្រ សហគ្រាសសរុបចំនួន ១២២កន្លែង ដែលត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ តាមច្បាប់៕






