ភ្នំពេញ ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហ្វសខុន នៃប្រទេសចិន បានមកសិក្សាស្វែងយល់ពីភូមិសាស្ត្រនៅកម្ពុជាចំនួន៣លើកមកហើយ ដោយក្រុមហ៊ុននេះទទួលស្គាល់ថាកម្ពុជា គឺពិតជាមានសន្តិភាព និងស្ថេរភាពនយោបាយមិនបារម្មណ៍ក្នុងការមកវិនិយោគទេ។
ប៉ុន្តែមុនពេលក្រុមហ៊ុននេះ ចាប់ផ្តើមបោះទុនវិនិយោគ ដែលអាចស្រូបទាញកំលាំងពលកម្មក្នុងប្រទេសកម្ពុជាបានជាច្រើន ម៉ឺននាក់នោះ ក្រុមហ៊ុនកំពុងសិក្សាបន្ថែមទៀតលើច្បាប់វិនិយោគ និងស្ថានភាពកំលាំងពលកម្មអោយបានលំអិតជាមុនសិន ។
ស្របពេលដែលក្រុមហ៊ុនហ្វសខុន ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនៃប្រទេសចិន កំពុងមានគម្រោងបណ្តាក់ទុន វិនិយោគនៅក្នុងប្រទេសកម្ពុជានោះ ឯកឧត្តម ឈីវ យីស៊ាង អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានធ្វើការបង្ហាញផ្ទាល់ទៅកាន់ក្រុមហ៊ុននេះថា ប្រទេសកម្ពុជាមាន កំណើនសេដ្ឋកិច្ចដ៏ល្អប្រសើរ ដែលធនាគារ អភិវឌ្ឍន៍អាស៊ី បានចាត់ទុកថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតនៅក្នុងតំបន់អាស៊ី ហើយបានប្រសិទ្ធនាមថា ជាកូនខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ីទៀតផង។
យ៉ាងណាមិញនៅឆ្នាំ២០១៧-២០១៨ តាមការប៉ាន់ស្មានកម្ពុជាបានបន្តរក្សាកំណើនសេដ្ឋកិច្ច ក្នុងអត្រាជាមធ្យម ៧ភាគរយ ដោយសារកំណើនជាវិជ្ជមានក្នុងវិស័យកសិកម្ម ឧស្សាហកម្ម វិស័យកាត់ដេរ ទេសចរណ៍ និងការរីកធំធាត់នៃវិស័យសំខាន់ៗដ៏ទៃទៀត ដូចជាសេវាកម្មនិងអចនទ្រព្យជាដើម។
បើតាមការយល់ឃើញជាក់ស្តែងរបស់ លោក ហឺ យោវមីង ជាអគ្គនាយករងនៃក្រុមហ៊ុនហ្វសខុន បានបញ្ជាក់ថា ចំពោះ ស្ថានភាពស្ថេរភាពនយោបាយនៅកម្ពុជា គឺគ្មានការបារម្មណ៍សម្រាប់ការមកវិនិយោគនោះទេ គ្រាន់តែក្រុមហ៊ុនចង់សិក្សា ថែមទៀតទាក់ទងនឹងច្បាប់វិនិយោគ ក៏ដូចជាស្ថានភាពកំលាំងពលកម្មរបស់កម្ពុជា ព្រោះក្រុមហ៊ុនបច្ចេកវិទ្យា ហ្វសខន ជាក្រុមហ៊ុនធំ ដែលអាចស្រូបទាញកំលាំងពលកម្មក្នុងប្រទេសកម្ពុជាបានជាច្រើនម៉ឺននាក់ នៅពេលក្រុមហ៊ុនដំណើរការ។ លោកមើលឃើញថា ភាពទាក់ទាញនៃការវិនិយោគរបស់កម្ពុជា រួមមាន
ទី១ កម្ពុជាមានការលើកលែងពន្ធទំនិញនាំចេញទៅកាន់សហរដ្ឋមេរិក
ទី២ កម្ពុជាមានកំលាំងយុវជនច្រើន និង
ទី៣ ដោយសារបច្ចុប្បន្ននេះមានការផ្ទុះឡើងសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក ហេតុនេះក្នុងនាមកម្ពុជាជាប្រទេស ទទួលបានការអនុគ្រោះពន្ធ និងជាសមាជិកអាស៊ានផងនោះ គឺជាកត្តាអំណោយផលយ៉ាងសំខាន់ សម្រាប់ការមកវិនិយោគ នៅកម្ពុជា៕ សម្រួលអត្ថបទដោយ៖ វ៉ាន់ ១មករា រូបភាពពីបណ្តាញសង្គម













