ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារ ណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៦ ខែមិថុនា បានអញ្ជើញជាសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់ទីលានទុកដាក់សំរាម ខេត្តកំពង់ធំ ជូនរដ្ឋបាលខេត្តគ្រប់ គ្រង និងប្រតិបត្តិការបន្ត។
ទីលានចាក់សំរាមនេះ ត្រូវបានសាងសង់ក្រោមឥណទាន របស់ធនាគារអភិវឌ្ឍអាស៊ី ដោយចំណាយថវិកាជាង៤លានដុល្លារអាមេរិក។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាដៃគូអភិវឌ្ឍន៍មួយ តែងតែចូលរួមជាមួយរាជរដ្ឋាភិ បាលកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ តាមរយៈកម្ចីឥណទាន និងបានថ្លែងអំណរក្រុមហ៊ុនសាងសង់ ក្រុមការ ងារត្រួតពិនិត្យបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ជំរុញឱ្យការងារសាងសង់អាចដំណើរការ ទៅបានដោយរលូន និងបញ្ចប់តាមផែនការគ្រោងទុក។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ទីលានចាក់សំរាមនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការ ដោះ ស្រាយបញ្ហាអនាម័យ បរិស្ថានយ៉ាងល្អប្រសើរនៅក្នុងក្រុង និងក្នុងខេត្ត។
សូមបញ្ជាក់ដែរថា ទីលានទុកដាក់សំរាមនេះ មានទីតាំងស្ថិតនៅភូមិត្រពាំងឫស្សី ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាគម្រោងមួយនៅក្នុង គម្រោងកែលម្អគ្រប់គ្រងបរិស្ថាន ក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ប្រើប្រាស់ឥណទានពីធនាគារ ADB ក្នុងការស្ថាបនា ជាមួយទំហំទឹកប្រាក់ ៤លាន ៦សែន ២ម៉ឺន ៩ ៣៩៩ ដុល្លារអាមេរិក ដោយចាប់ផ្តើមការសាងសង់នៅថ្ងៃទី០៧ កក្កដា ២០២១ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។
តាមផែនការរណ្តៅនេះ នឹងត្រូវបំពេញសំរាមរហូតដល់កម្ពស់១០ម៉ែត្រ គិតពីមាត់រណ្តៅ ដែលអាចផ្ទុកបរិមាណសំរាមបានប្រមាណ ៩៧ ៨៨៦ ម៉ែត្រគូប ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់រយៈពេល២០ឆ្នាំ សម្រាប់ប្រជាជន ប្រមាណជា ៣ម៉ឺន ៦ ៤៧៨នាក់ នៅក្នុងជុំវិញទីរួមខេត្តកំពង់ធំ៕