គណ:ប្រតិភូអន្តរគណ:កម្មការរដ្ឋសភា អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយនាយទាហាន ពលទាហាន វរ:សេនាតូចលេខ៤២២ និងនាយ នគរបាល ពលនគរបាល ការពារព្រំដែនគោកលេខ ៧០២ ជួរមុខទិសប្រាសាទតាមាន់ និងប្រាសាទតាក្របី។
គណ:ប្រតិភូអន្តរគណ:កម្មការរដ្ឋសភាដឹកនាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) នៃរដ្ឋសភា និងឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥)នៃរដ្ឋសភា ព្រមទាំងឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាគណ:កម្មការទី៤ និងគណ:កម្មការទី៥ នៃរដ្ឋសភា បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ជាមួយនាយទាហាន នាយ ទាហានរង ពលទាហាន វរសេនាតូចលេខ៤២២ ចំណុះកង ពលតូចថ្មើរជើងលេខ៤២ និងនាយនគរបាល នាយនគរបាលរង និងពលនគរបាល ការពារពំ្រដែនគោកលេខ ៧០២ ដែលឈរជើងការពារតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ សមរភូមិមុខទិសប្រាសាទតាមាន់ និងប្រាសាទតាក្របី ដែលពិធីនេះប្រព្រឹត្តនៅទីបញ្ជាការវរសេនាតូចលេខ៤២២ ស្ថិតនៅក្នុងឃុំគោគមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ មានប្រសាសន៏ថា ការចុះសួរសុខទុក្ខនាពេលនេះ គឺជាការលើកទឹកចិត្តប្រកបដោយព្រហ្មវិហារធម៌ ក្នុងការផ្សាភ្ជាប់សមរភូមិមុខ ជាមួយស្ថាប័ននីតិប្បញ្ញត្តិ ធ្វើឲ្យនាយទាហាន នាយទាហានរង និងពលទាហាន នឹងនាយនគរបាល នាយនគរបាលរង និងពលនគរបាលទាំងអស់ដែលកំពុងបំពេញបេសកកម្មនៅជួរមុខទិសឧត្តរមានជ័យ នឹងបន្តខិតខំលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងអនុវត្តឱ្យបានយ៉ាងម៉ឺងម៉ាត់នៅរាល់បទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម កែប ជុតិមា និងឯកឧត្តម សួស យ៉ារ៉ា បានកោត សរសើរ ដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកំលាំងនគរបាលជាតិ ដែលឈរជើងនៅជួរមុខតាមព្រំដែន កម្ពុជា-ថៃ ទាំងអស់ ដែលបានយកអស់កំលាំងកាយចិត្តតស៊ូការលំបាកគ្រប់បែបយ៉ាងក្នុងកិច្ចការពារបូរណភាពទឹកដី គំរូវីរៈភាពនេះ ធ្វើឲ្យយុវជន យុវនារីជំនាន់ក្រោយ ចងចាំ និងរៀនសូត្រតាម គ្មានថ្ងៃអាចបំភ្លេចបានឡើយ។
ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់មេបញ្ជាការសមរភូមិទាំងអស់ ដែលបានដឹកនាំបណ្តា កងឯកភាពអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ រក្សាភាពអត់ធ្មត់បង្កើន កិច្ចសហប្រតិបត្តិការរវាងបណ្តាកងទ័ពជួរមុខ នៃប្រទេសទាំងពីរក្នុងស្មារតីយោគយល់គ្នា សហប្រតិបត្តិការ ដោយស្មើសិទ្ធ ស្មើភាពដោះស្រាយព្រំដែន ដោយសន្តិវិធីឈរលើគោល ការណ៍សន្តិភាព ធ្វើឲ្យប្រជាជនប្រទេសទាំងពីរ នៅតាមព្រំដែនរស់នៅប្រកបដោយសុខដុមរម្យនាបញ្ជៀសការបង្ហូរឈាម និងសោកនាដកម្មនៃសង្គ្រាមប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនសន្តិភាពសហប្រតិបត្តិការ និងការអភិវឌ្ឍ៕