ឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន លេខាធិការ តំណាងឱ្យគណៈកម្ម ការទី០៨ នៃរដ្ឋសភា បានជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម សុខ រដ្ឋា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងមានការអញ្ជើញចូលរួមពីឯកឧត្តម គិត ទ្រី តំណាងរាស្ត្រមណ្ឌលខេត្ត រតនគិរី ព្រមទាំងប្រធានមន្ទីរជំនាញពាក់ព័ន្ធនឹងវិស័យរបស់គណៈកម្មការទទួលបន្ទុក នៅសាលាខេត្តរតនគីរី នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ។
ឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន បានលើកឡើងថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតសំខាន់ទៅលើ កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅលើកកម្ពស់កម្រិត ជីវភាព និងសុខុមាលភាពប្រជាជន ជាពិសេសការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃអភិបាលកិច្ច, ស្ថាប័ន និង យុត្តិធម៌សង្គម ព្រមទាំងការពង្រឹងភាពស្អាតស្អំ និងគុណភាពសេវាសាធារណៈ។
ដូច្នេះ ការពង្រឹងសេវាសុខភាពគ្របដណ្តប់ជាសកល តាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកត្រូវបន្តលើកកម្ពស់ និងធ្វើការអភិវឌ្ឍ ព្រមទាំងសហការកសាងភាពជាដៃគូរជាមួយសុខាភិបាលឯកជនឱ្យទទួលបានប្រសិទ្ធ ភាពខ្ពស់និងទាន់ពេលវេលា។
ឯកឧត្ដម ញ៉ែម សំអឿន អភិបាលខេត្ត បានលើកយកបញ្ហាប្រឈមមួយចំនួនដែលខេត្តបានជួបប្រទះ រួមមានកង្វះខាតបច្ចេកទេស និងសម្ភារៈបរិក្ខាពេទ្យ ការប្រើប្រាស់ទឹកស្អាតនៅមានកម្រិតនិងខ្វះអនាម័យរបស់ប្រជាពលរដ្ឋបណ្តាលឱ្យមានជំងឺឆ្លង ខ្វះអាគារព្យាបាលជំងឺ ខ្វះធនធានមនុស្សដែលមានជំនាញក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារឱ្យបានទាន់ពេលវេលា បញ្ហាប្រជាពលរដ្ឋធ្វើចំណាកស្រុកច្រើន និងការយល់ដឹងនៅតាមសហគមន៍នៅមានកម្រិត ។
ឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន បានលើកទឹកចិត្ត ឱ្យពង្រឹងបន្ថែមទៀតនូវជំនាញស្របទៅតាមទីផ្សារការងារ និងទំនាក់ទំនងជាមួយវិស័យឯកជន ស្វែងរកការងារជូនដល់សិស្សគ្រប់រូប ដែលបានរៀនចប់ មានចំណេះ ជំនាញ ស្របតាមពាក្យស្លោក “រៀនឱ្យចេះ រៀនឱ្យចប់ និងមានការងារធ្វើ” ដើម្បីឱ្យក្លាយជាកម្មករជំនាញ ទទួលបានប្រាក់ខែខ្ពស់។
ឯកឧត្តមបណ្ឌិត ស្នើសុំឱ្យអាជ្ញាធរខេត្ត លើកទឹកចិត្តដល់គណៈទ្រទ្រង់សុខភាពភូមិឱ្យខិតខំផ្សព្វផ្សាយពីសេវាបង្ការជំងឺមិនឆ្លង ជូនប្រជាពលរដ្ឋឱ្យបានយល់ដឹងពីការថែទាំសុខភាព ដោយធ្វើលំហាត់ប្រាណជាប្រចាំ និងទទួលទានម្ហូបអាហារដែលមានជាតិស្ករតិច អំបិលតិច ខ្លាញ់តិចជាដើម។
ឯកឧត្តមបានបន្ថែមថា ដោយពិនិត្យឃើញថាជំងឺមិនឆ្លង ជាឃាតករលាក់មុខដ៏កាចសាហាវ ដូច្នេះឯកឧត្តមបណ្ឌិតស្នើសុំឱ្យខេត្តបង្កើតវីដេអូអប់រំខ្លីៗទាក់ទងនឹងជំងឺមិនឆ្លង សម្រាប់ចាក់ផ្សាយតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្ត ជូនដល់ប្រជាពលរដ្ឋមកទទួលសេវា ព្រមទាំងស្នើឱ្យមន្ទីរកិច្ចការនារី និងមន្ទីរការងារចូលរួមសហការគ្នា ចុះផ្សព្វផ្សាយទៅដល់ផ្ទះបងប្អូនប្រជាពលរដ្ឋ យុវជន ក្រីក្រ ងាយរងហានិភ័យ ពិសេសឱ្យដល់បងប្អូនជនជាតិភាគតិចនៅតាមភូមិឃុំ និងស្នើឱ្យមកបងប្អុនប្រជាពលរដ្ឋចូលរៀននៅសាលាបណ្ដុះបណ្ដាលពហុបច្ចេកទេសខេត្តឱ្យបានច្រើន ដើម្បីក្លាយជាកម្មករជំនាញ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានកោតសរសើរដល់អាជ្ញាធរខេត្ត ដែលបានដកផ្លាកផ្សព្វ ផ្សាយគ្រឿងស្រវឹង និងភេសជ្ជៈផ្អែមនៅតាមដងផ្លូវនៅក្នុងខេត្តផងដែរ ៕






