តៃវ៉ាន់៖ រដ្ឋបាលឧតុនិយមរបស់កោះតៃវ៉ាន់ បានរាយការណ៍ថា គ្រោះរញ្ជួយដីជាង ៨០ លើកនៅក្នុងកម្រិតរំញ័រ ៦,៣ តាមរង្វាស់រ៉ិចទ័រ បានវាយប្រហារឆ្នេរសមុទ្រភាគខាងកើតកោះតៃវ៉ាន់ កាលពីយប់ថ្ងៃចន្ទ និងព្រឹកថ្ងៃអង្គារ ដោយស្ថានភាពរំញ័រមួយចំនួនបានកើតឡើងនៅក្នុងរដ្ឋធានីតៃប៉ិថែមទៀតផង។ នៅក្នុងវីដេអូ ក៏បានបង្ហាញអំពីទិដ្ឋភាពរញ្ជួយដីជាថ្មីនៅលើទីតាំងអគារដែលខូចខាតស្រាប់ក្នុងទីក្រុងហួលៀន (Hualien) ក្រោយទទួលរងគ្រោះរញ្ជួយដីកាលពីថ្ងៃទី៣ ខែមេសា។
គ្រោះរញ្ជួយដីលើកនេះ បានកើតឡើងនៅក្នុងតំបន់ជនបទស្ថិតនៅភាគខាងកើតទីក្រុងហួលៀន (Hualien) ជាកន្លែងដែលធ្លាប់រងគ្រោះរញ្ជួយដីក្នុងកម្រិត ៧,៣ រ៉ិចទ័រ កាលពីថ្ងៃទី ៣ ខែមេសាដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៤នាក់បានស្លាប់នាពេលនោះ។ ចាប់តាំងពីពេលនោះមកតៃវ៉ាន់ប្រឈមគ្រោះរញ្ជួយរាប់រយលើកផងដែរ។នៅព្រឹកថ្ងៃអង្គារនេះ នាយក ដ្ឋានផ្នែកពន្លត់អគ្គីភ័យក្នុងទីក្រុងហួលៀន (Hualien) បានបញ្ជាក់ថា សណ្ឋាគារដែលរងការខូចខាតស្រាប់កាលពីថ្ងៃទី ៣ ខែមេសា មិនមានដំណើរការឡើយ រហូតដល់ពេលកើតមានគ្រោះរញ្ជួយដីជាថ្មី។ ជុំវិញគ្រោះរញ្ជួយដីលើកនេះ មិនទាន់មានសេចក្តីរាយការណ៍ណាមួយដែលបញ្ជាក់ថាមានអ្នកស្លាប់ ឬរងរបួសនៅឡើយទេ ៕






