ប្រទេសចិន និងមីយ៉ាន់ម៉ាបានព្រមព្រៀងគ្នា កាលពីថ្ងៃអង្គារ ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ។
នៅក្នុងជំនួបជាមួយមេដឹកនាំមីយ៉ាន់ម៉ា លោក Min Aung Hlaing (មីន អ៊ុងលាំង) នៅទីក្រុងណៃពិដោរ ប្រទេសមីយ៉ាន់ម៉ា ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក ឈីង កាងបាននិយាយថា ប្រទេសចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ ទំនងរបស់ខ្លួនជាមួយមីយ៉ាន់ម៉ា ខណៈដែលអ្នកជិតខាងទាំងពីរបានចែករំលែកមិត្តភាព និងភាតរភាព។
លោក Qin ឈីន បាននិយាយថា ប្រទេសចិនបានត្រៀម ខ្លួនជាស្រេចក្នុងការរួមដៃជាមួយប្រទេសមីយ៉ាន់ម៉ា ដើម្បីកសាងសហគមន៍ចិន-មីយ៉ាន់ម៉ា ជាមួយនឹងអនាគតរួមគ្នា ជាមួយការឈានមុខគេក្នុងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល សន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល។
លោកបានបន្ថែមថា ប្រទេសចិនគាំទ្រមីយ៉ាន់ម៉ាក្នុងការស្វែងរកផ្លូវអភិវឌ្ឍន៍ជាមួយនឹងលក្ខណៈរបស់មីយ៉ាន់ម៉ាដែលសាកសមនឹងលក្ខខណ្ឌជាតិរបស់ខ្លួន។
បន្ថែមពីនោះចិន ក៏នឹងគាំទ្រមីយ៉ាន់ម៉ា ក្នុងការជំរុញដំណើរ ការអន្តរកាលនយោបាយរបស់ខ្លួន និងភាគីពាក់ព័ន្ធក្នុងប្រទេស ដើម្បីដោះស្រាយភាពខុសគ្នា និងស្វែងរកការបង្រួបបង្រួមជាតិក្រោមក្របខណ្ឌរដ្ឋធម្មនុញ្ញ និងច្បាប់។
លោកបានបន្តទៀតថា សហគមន៍អន្តរជាតិ គួរតែគោរពអធិបតេយ្យភាពរបស់មីយ៉ាន់ម៉ា និងដើរតួនាទីស្ថាបនាក្នុងការជួយមីយ៉ាន់ម៉ាឱ្យសម្រេចបានសន្តិភាព និងការផ្សះផ្សាជាតិ។
ប្រទេសចិនគាំទ្រមីយ៉ាន់ម៉ា ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ខ្លួនជាមួយបង់ក្លាដែស ជាមួយនឹងបញ្ហាពាក់ព័ន្ធដែលត្រូវដោះស្រាយតាមរយៈការពិគ្រោះយោបល់ ដោយបន្ថែមថាប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសទាំងពីរដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងចិន-មីយ៉ាន់ម៉ា-បង់ក្លាដែស។
ចំណែកលោក Min Aung Hlaing បាននិយាយថា ក្នុងរយៈ ពេលជិត ៧០ ឆ្នាំចាប់តាំងពីមីយ៉ាន់ម៉ា និងចិនបានបង្កើតទំនាក់ទំនងការទូតមក ប្រទេសទាំងពីរតែងតែរក្សានូវសន្ទុះនៃការអភិវឌ្ឍន៍ និងសម្រេចបានលទ្ធផលជាផ្លែផ្កា។ លោកបាននិយាយថា មីយ៉ាន់ម៉ាមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសចិន ដើម្បីបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការមីយ៉ាន់ម៉ា-ចិន និងសកម្មក្នុងការកសាងសហគមន៍មីយ៉ាន់ម៉ា-ចិនជាមួយនឹងអនាគតរួមគ្នា។
មេដឹក នាំមីយ៉ាន់ម៉ាបានកត់សម្គាល់ថា មីយ៉ាន់ម៉ាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការការពារសុវត្ថិភាពរបស់ជនជាតិចិន និងស្ថាប័ននានាក្នុងប្រទេស ហើយតែងតែត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហប្រតិបត្តិការជាមួយភាគីចិន ដើម្បីរក្សាភាពស្ងប់ស្ងាត់នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ៕
ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច






