រដ្ឋាភិបាលជប៉ុន ផ្ដល់រូបភាពពីផ្កាយរណប ផែនទី និងទិន្នន័យ 3D សម្រាប់ការរៀបចំទីក្រុង និងទិន្នន័យភូមិសាស្ត្រដល់កម្ពុជា មានទឹកប្រាក់ប្រមាណ ៧,២លានដុល្លារ ដែលគាំទ្រដល់ការចុះបញ្ជីដីធ្លី នគរូបនីយកម្ម និងចូលរួមដល់ការដោះស្រាយជម្លោះដីធ្លី។ ជំនួយឥតសំណងនេះធ្វើឡើងតាមរយៈការចុះហេត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធរវាងឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរ ជាតិ និងឯកឧត្តម អ៊ូអិណូ អាស៊ូស៊ី (Ueno Atsushi) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នៅក្រសួងការបរទេស នៅថ្ងៃទី២៦ ខែធ្នូនេះ។
ឯកឧត្តម លោក អ៊ូអិណូ បានថ្លែងនៅក្នុងពិធីចុះហត្ថ លេខានេះថា រដ្ឋាភិបាលជប៉ុនយល់ថា រាជរដ្ឋាភិបាលកម្ពុជាយកអាទិភាពលើការចុះបញ្ជីដីធ្លី និងនគរូបនីយកម្ម ដើម្បីដោះស្រា យជម្លោះដីធ្លី និងលើកកម្ពស់ការអភិវឌ្ឍ និងកំណើនសមស្របនៅទីក្រុងនិងនៅតាមតំបន់។
ឯកឧត្តមបន្តថា ទិន្ន័យទាំងនេះ នឹងអាចរកបាននៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ហើយក៏មានប្រយោជន៍សម្រាប់ការប្រើប្រាស់នៅក្នុងការងាររបស់ក្រសួងបរិស្ថាន និងក្រសួងកសិកម្មផងដែរ។ ឯកឧត្តម អ៊ូអិណូ ថ្លែងថា មានទំនុកចិត្តថា បច្ចេកវិទ្យាផ្កាយរណប និងឌីជីថលរបស់ជប៉ុនអាចនឹងជួយបានយ៉ាងច្រើនដលើការដោះស្រាយជម្លោះដីធ្លី និងពង្រឹងការការគ្រប់គ្រងដីធ្លី និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា»។
ក្រសួងការបរទេស បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមុនពិធីចុះហត្ថលេខានេះថា ជំនួយឥតសំណងរបស់ជប៉ុនបង្ហាញពីការគាំទ្រឥតងាករេរបស់ជប៉ុនសម្រាប់កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ ក្រសួងការបរទេសបន្តថា៖ «ជំនួយនេះក៏នឹងរួមចំណែកក្នុងការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ»៕
រូបភាពប៊ុន ចាន់ពិសិដ្ឋ






