(ខេត្តព្រៃវែង,ថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២០)៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចាក់សម្លាប់ជនរងគ្រោះប្លន់យកម៉ូតូបានសម្រេច ជិះគេចខ្លួនបានតែ១ថ្ងៃ ត្រូវសមត្ថកិច្ចនគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង២១និង១៥នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីជននេះទៅជួបស្រីស្នេហ៍នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត(រាជធានីភ្នំពេញ)។ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ បាន កាន ភេទប្រុសអាយុ៣០ឆ្នាំ មានទីលំនៅភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។
ក្រោយធ្វើការឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាង ម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ
1.GE.5868 និងទូរស័ព្ទដៃម៉ាក(ណូគារ)១គ្រឿង ដែលជារបស់ជនរងគ្រោះ ឈ្មោះ ភី ឃុន ភេទប្រុសអាយុ៤៩ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប មានទីលំនៅភូមិពេជ្រ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ជនសង្ស័យបានជួលជនរងគ្រោះដែលជាអ្នករត់ម៉ូតូឌុបអោយឌុបខ្លួន(ជនសង្ស័យ)។
លុះបើកមកដល់កន្លែងស្ងាត់ឃើញមានឱកាស ក៏យកវត្ថុចុងស្រួចចាក់ទៅលើជនរងគ្រោះដាច់ជាច្រើនកន្លែងបណ្តាលអោយដាច់ខ្យល់ស្លាប់នៅកណ្តាល វាលស្រែក្បែរផ្លូវលំ ស្ថិតក្នុងភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង បង្កអោយ មាន ការផ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២៣និង៣៥នាទីយប់ ថ្ងៃ ដដែល។បច្ចុប្បន្នជនរងសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនមក អោយនគរបាលខេត្តព្រៃវែង ដែលជាម្ចាស់ករណីកសាងសំណុំ រឿងតាមនីតិវិធីច្បាប់៕






