រាជធានីភ្នំពេញ ៖ តម្លៃប្រេងសាំងលក់រាយនៅកម្ពុជា ត្រូវបានមើលឃើញថាបានចាប់ឡើងថ្លៃជាបន្តបន្ទាប់ទៀត ចាប់តាំងពីដើមខែតុលាមក ជាក់ស្តែងតម្លៃប្រេងសាំងធម្មតា នៅថ្ងៃទី១៦ ខែតុលានេះ បានហក់ឡើងថ្លៃដល់ ៤២៥០រៀល ខណៈប្រេងម៉ាស៊ូតកើនដល់ ៤១៥០រៀល ក្នងមួយលីត្រ។
ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ការកើនឡើងតម្លៃប្រេងសាំងនៅកម្ពុជានេះ ដោយសារប្រេងឥន្ធនៈ ក្នុងទីផ្សារអន្តរជាតិក៏កើនថ្លៃដែរ។
ដូចទៅនឹងតារាងកំណត់តម្លៃប្រេង ដែលចេញដោយក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ តម្លៃប្រេងសាំងធម្មតាសម្រាប់លក់រាយ នៅតាមបណ្តាស្ថានីយ៌ប្រេងឥន្ធនៈធំៗ គឺ៤២៥០រៀលក្នុងមួយលីត្រ ដែលតម្លៃនេះកើនឡើង៥០រៀល បើធៀបនឹងតម្លៃរយៈពេល១៥ថ្ងៃ ដើមខែតុលា កន្លងមក។ ដូចគ្នានេះទៅនឹងតម្លៃដែលកំណត់ក្នុងតារាងលក់រាយ ចាប់ពីថ្ងៃទី១៦ ដល់៣១ ខែតុលានេះដែរ ប្រេងម៉ាស៊ូតមានតម្លៃ៤១៥០រៀល ក្នុងមួយលីត្រ ដែលតម្លៃនេះកើនឡើង១៥០រៀលបន្ថែមទៀត បើធៀបនឹងតម្លៃកាលពីដើមខែតុលាមក។ ដោយឡែកប្រេងសាំងស៊ុបព៊ែរ ដែលមិនត្រូវបានកំណត់ក្នុងតារាងរូបមន្តគណនារបស់ក្រសួងពាណិជ្ជកម្មវិញ បានហក់ឡើងដល់ ៤៥៥០រៀល ទៅ៤៦០០រៀលក្នុងលីត្រ នៅតាមបណ្តាស្ថានីយ៌លក់ប្រេងឥន្ធនៈធំៗ។
គួរកត់សំគាល់ថា សម្រាប់តម្លៃប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដែលកំណត់ក្នុងតារាងលក់រាយជាផ្លូវការរយៈពេល១៥ថ្ងៃម្តងនេះ គឺត្រូវបានបញ្ចុះតម្លៃ ៤សែនដុល្លារអាមេរិកក្នុងមួយលីត្ររួចហើយ តាមគោលការណ៌របស់រាជរដ្ឋាភិបាល បន្ទាប់ពីការគណនារូបមន្តតម្លៃគោល ដែលផ្អែកលើតម្លៃប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ។
ទិន្នន័យពីក្រសួងពាណិជ្ជកម្មបង្ហាញថា ប្រេងសាំងធម្មតានៅលើទីផ្សារអន្តរជាតិជាមធ្យម ក្នុងរយៈពេល១១ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែតុលាមក គឺមានតម្លៃប្រមាណ ៩០,២ដុល្លារអាមេរិក ក្នុងមួយបារ៉ែល។ ចំណែករយៈពេលដូចគ្នានេះ ប្រេងម៉ាស៊ូតមានតម្លៃជាង ៩៩ដុល្លារអាមេរិក។ តម្លៃប្រេងនេះ គឺមានការឡើងថ្លៃប្រមាណ ២ដុល្លារអាមេរិក ក្នុងមួយបារ៉ែលសម្រាប់ប្រេងសាំងធម្មតា និងកើនឡើងប្រមាណ ៥ដុល្លារអាមេរិកសម្រាប់ប្រេងម៉ាស៊ូត៕ អត្ថបទ៖ វ៉ាន់ ១មករា






