ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងអំពីតម្លៃប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី៣១ ខែ មីនាឆ្នាំ២០២១ គឺតម្លៃប្រេងសាំងធម្មតាឡើងដល់ ៣.៧៥០រៀល/លីត្រ ចំណែកប្រេងម៉ាស៊ូតថ្លៃ ៣.៣៥០រៀល/លីត្រ។
គួរកត់សម្គាល់ថា តម្លៃប្រេងដែលកំណត់ថ្មីៗនេះ កើនឡើងជាកាលពីសប្តាហ៍មុន សម្រាប់ប្រេងសាំងធម្មតាមួយលីត្រ ៣.៧០០រៀល/លីត្រ ចំណែកប្រេងម៉ាស៊ូតនៅរក្សាតម្លៃដដែល ៣.៣៥០រៀល/លីត្រ។
បើតាមការបញ្ជាក់ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយពីថ្ងៃទី១៦ ខែមីនា ដល់៣១ ខែមីនា ឆ្នាំ២០២១ នឹងត្រូវលក់ ៣.៩១០រៀល/លីត្រ សម្រាប់សាំងធម្មតា និង ៣.៥១០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។
ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៤សេនដុល្លារ/លីត្រ៕






