(ខេត្តកំពង់ស្ពឺ,ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១)៖ ផ្ទះតៀម១ខ្នង ត្រូវបាន អគ្គីភ័យឆេះគ្មានសល់ ដោយសារតែម្ចាស់បែកថ្នាំ ទប់ស្មារតីមិនបាន ដុតផ្ទះខ្លួនឯងឆេះខ្ទេច បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិង សមត្ថកិច្ច មិនអាចពន្លត់ទាន់ឡើង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២១ នៅក្នុងភូមិត្រពាំងរនះ ឃុំជង្រុក ស្រុកគងពិសី។
តាមការឲ្យដឹងពីសមត្ថកិច្ចថា ផ្ទះដែលអគ្គីភ័យឆាបឆេះអស់នោះជា កម្មសិទ្ធិរបស់ឈ្មោះ សឿង សុភ័ណ្ឌ ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិត្រពាំងរនះ ឃុំជង្រុក ស្រុកគងពិសី ខេត្ត កំពង់ស្ពឺ។
ផ្ទះដែលឆេះអស់មានទំហំ៤ម៉ែត្រ គុណនិង៥ម៉ែត្រ ធ្វើពីឈើប្រកស័ង្កសី ជញ្ជាំងស្លឹក ក្រោយសមត្ថកិច្ចពិនិត្យ ខូចខាត សំភារៈ មានដូចជា៖ ពូកចំនួន២ ទូរឈើ១ ចានឆ្នាំង អង្ក១៥គីឡូ ។
តាមការសួរនាំ ស្រាវជ្រាវ សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គិភ័យឆាប ឆេះផ្ទះនេះ បណ្ដាលមកពីឈ្មោះសឿង សុភ័ណ្ឌជាអ្នកដុតដោយខ្លួនឯង មូលហេតុគឺបុរសនោះ(បែកថ្នាំគាត់រស់នៅតែម្នាក់ឯង) សំណាងល្អ មិនឆេះរោលរាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ៕
ដោយ៖ អ៊ុំ ណូន(កែសម្រួលដោយ មណ្ឌល កែវ)






