អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយ អគ្គនាយកដ្ឋាន ចំណេះដឹង និងព័ត៌មានបរិស្ថាន នៃ ក្រសួងបរិស្ថាន បាន រៀបចំ យុទ្ធនាការ ផ្សព្វផ្សាយតាមរយៈបណ្ដាញ សង្គម និង ទូរទស្សន៍ ដើម្បីអបអរ សាទរទិវា ជីវៈចម្រុះ អន្តរជាតិ ២២ ឧសភា ឆ្នាំ ២០២០ ក្រោមប្រធានបទ “ធម្មជាតិ គឺ ជាដំណោះស្រាយ នៃបញ្ហារបស់យើង”។
ប្លែកពីការប្រារព្ធកម្មវិធី នៅទីវាលដូចបណ្ដាឆ្នាំ កន្លងមកក្នុងន័យដើម្បី ទប់ស្កាត់ ការចម្លងជំងឺ COVID-19 ដែល កំពុងតែបន្ត រីករាលដាល នៅ ទូទាំង ពិភពលោក ទិវា ជីវៈចម្រុះអន្តរ ជាតិ ឆ្នាំ ២០២០ នេះ ត្រូវបានរៀបចំជា លក្ខណៈ វេទិកាជជែកពិភាក្សា និង ផ្សព្វផ្សាយ តាមបណ្តាញ សង្គម និង ទូរទស្សន៍ ដោយបានលើកយកចំណុចសំខាន់ៗចំនួន ៣ មកពិភាក្សារួមមាន៖ ១)កិច្ច សហប្រតិបត្តិការ និង ការ រៀបចំ គោលនយោបាយ និង ច្បាប់ ជាតិ ពាក់ព័ន្ធ នឹង ជីវៈចម្រុះ ២)ហិរញ្ញប្បទាន នវានុវត្តិ ដើម្បី អភិរក្ស ជីវៈចម្រុះ (PES) និង ៣)សារៈសំខាន់ នៃ ការ ចូលរួម របស់សហគមន៍តំបន់ ការពារធម្មជាតិ លើ កិច្ចការអភិរក្សជីវៈចម្រុះ និងដោយ មាការចូលរួម ពី វាគ្មិនមកពីអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សា ជាតិ អភិវឌ្ឍន៍ ដោយចីរភាព អគ្គនាយកដ្ឋាន សហគមន៍ មូលដ្ឋាន និង អគ្គនាយកដ្ឋាន ចំណេះដឹង និង ព័ត៌មាន បរិស្ថាន នៃ ក្រសួង បរិស្ថាន។
សូមជម្រាបផងដែរថា ការប្រារព្ធទិវានេះគឺបានបង្ហាញពីឆន្ទៈ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ អនុវត្តយុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាទី៤ គោលនយោបាយ របស់ក្រសួងបរិស្ថាន ក៏ដូចជាក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ ដោយ ចីរភាពក្នុងការចូលរួម ចំណែកយ៉ាងសកម្មលើការ គ្រប់គ្រងធនធាន ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី និង ក៏បានបង្ហាញ ពីកិច្ច ខិតខំប្រឹងប្រែង របស់ រាជរដ្ឋាភិបាល កម្ពុជា ក្នុង ការអនុវត្តអនុសញ្ញា សហប្រជាជាតិ ស្តីពី ជីវៈចម្រុះ (UN-CBD) ក្នុង នាម ជាប្រទេសហត្ថលេខី ។
វេទិកាជជែកពិភាក្សាសម្រាប់អបអរសាទរទិវានេះ ក៏បានរួម ចំណែកបង្កើន ចំណេះដឹង ដល់ សាធារណជន និង លើក ទឹកចិត្តឱ្យមាន ការចូលរួមពីអ្នក ពាក់ព័ន្ធ ទាំង អស់ ឱ្យ រួម ចំណែក ក្នុង ការ អភិរក្ស ធនធាន ជីវៈចម្រុះ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និង លើកកម្ពស់ ជីវភាពរស់ នៅ របស់ ប្រជាជន។សម្រាប់ ឆ្នាំ២០២០ នេះ គឺជាឆ្នាំទី៧ នៃការប្រារព្ធទិវាជីវៈចម្រុះ អន្តរជាតិ២២ ឧសភា ហើយក៏មានការចូលរួមពីបណ្តាមន្ទីរបរិស្ថាន រាជធានី/ខេត្ត ចំនួន៧ រួមមាន ៖ រាជធានី ភ្នំពេញ ខេត្ត សៀមរាប កណ្តាល មណ្ឌលគិរី ពោធិ៍សាត់ កោះកុង និងខេត្តកែបផងដែរ ដើម្បីរួមគ្នាអបអរសាទរទិវាជីវ:ចម្រុះអន្តរជាតិនេះ ក្នុង ពេលតែមួយដោយបានរៀបចំ និង ចងបដាពាក្យស្លោក សម្រាប់ផ្សព្វផ្សាយ នៅតាមទីប្រជុំជន និងទីសាធារណ:នានា ៕






