ឯកឧត្តម ដូមីនីក វិលលៀមស៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃចក្រភព អង់គ្លេសប្រចាំកម្ពុជា បានសម្ដែងនូវការអបអរសាទរ និងកោតសរសើរយ៉ាងខ្លាំង ចំពោះការគ្រប់គ្រងរដ្ឋបាលរាជធានីភ្នំពេញបានល្អ និងការរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ជាមួយនឹងការអភិវឌ្ឍន៍រាជធានីភ្នំពេញ រីកចំរើនបានយ៉ាងឆាប់រហ័ស មានអគារ ខ្ពស់ៗរីកដូចផ្សិត។ ការកោតសរសើរនេះធ្វើឡើង ខណៈ ឯកឧត្តម ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ដូមីនីក វិលលៀមស៍ បានមានប្រសាស ន៍ថា រដ្ឋបាលរាជធានីភ្នំពេញ បានគ្រប់គ្រង់រដ្ឋបាលបានយ៉ាងល្អ ជាមួយនឹងការរក្សាបាននូវសន្តិសុខសណ្ដាប់ ធ្នាប់បានយ៉ាងល្អប្រសើរផងដែរ។ កត្តាទាំងនេះ បានទាក់ទាញ អ្នកវិនិយោគទុន អង់គ្លេស មកធ្វើអាជីវកម្មរកស៊ីនៅស្រុកខ្មែរ និងទាក់ទាញភ្ញៀវទេសចរណ៍អង់គ្លេស មកដើរលេងកំសាន្តនៅស្រុកខ្មែរយ៉ាងច្រើន។
បន្ថែមពីនេះ ឯកឧត្តមបានកោតសរសើរ ចំពោះរាជរដ្ឋាភិបា លកម្ពុជា ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដែលបានបង្ការនិងទប់ស្កាត់ជំងឺ Covid-19 បានល្អប្រសើរ ជាមួយនិងកិច្ចប្រជុំអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងនោះ បានធ្វើឲ្យប្រទេសកម្ពុជា មានឈ្មោះបោះសំឡេងនៅលើ ឆាកអន្តរជាតិយ៉ាងខ្លាំង។
ឯកឧត្តម ឃួង ស្រេង ក៏បានលើក ឡើង ពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ពិសេសការរីកចំរើនរបស់រាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។
ទន្ទឹមនិងការរីកចំរើននេះ ឯកឧត្តម ឃួង ស្រេង ក៏បានលើកឡើងពីបញ្ហាប្រឈមដោយសារតែកំណើនប្រជាពលរដ្ឋចេះតែកើនឡើង។
រាជធានីភ្នំពេញបានប្រឈមនឹងបញ្ហា២ នោះគឺបញ្ហាកកស្ទះចរាចរណ៍និងបញ្ហាកកស្ទះសំរាម ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ដើម្បីដោះ ស្រាយជាបន្តបន្ទាប់។
ឯកឧត្តមបន្តថា រាជធានីភ្នំពេញ បានចងសម្ព័ន្ធមេត្រីភាពជាមួយបណ្ដាលទីក្រុងជាច្រើនរួចហើយ ដោយឡែកសម្រាប់ទីក្រុងនៃចក្រភពអង់គ្លេស រាជធានីភ្នំពេញមិនទាន់មានទំនាក់ទំនងចងសម្ព័ន្ធមេត្រីភាពជាមួយនឹងគ្នានៅឡើយទេ។
ដូច្នេះ ឯកឧត្តមចង់អោយរាជធានីភ្នំពេញ បានចងសម្ព័ន្ធរាត្រីភាពជាមួយនិងទីក្រុងនៃចក្រភពអង់គ្លេសអោយដូចបណ្តាទីក្រុងផ្សេងៗទៀតដែលភ្នំពេញបានចងសម្ព័ន្ធភាពរួចហើយ។
គួរបញ្ជាក់ថា៖ ប្រទេសកម្ពុជា និងចក្រភពអង់គ្លេស បានភ្ជាប់ទំនាក់ទំនងការទូតរជាមួយគ្នា កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ១៩៥៣ តែត្រូវផ្ដាច់វិញនៅឆ្នាំ១៩៧៥ ដោយសាររបបខ្មែរក្រហម និងបានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញនៅថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ១៩៩១៕
ដោយ៖ សំអាត និង ពិសិដ្ឋ






