ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មចំនួន០២នាក់ រួមជាមួយម៉ាទឹកកកចំនួន ១៤កញ្ចប់ ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង ធ្វើការបង្ក្រាបបាន ខណៈដែលមុខសញ្ញាខាងលើ កំពុងតែចរាចរណ៍គ្រឿងញៀន ហើយកម្លាំងនគរបាលល្បាត ក៏ឃាត់បាន កាលពីវេលាម៉ោង០១ និង៣០នាទីរសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាលស្រុកសំរោងទង បាននិយាយអោយដឹងថា នៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យបាន គឺកម្លាំងនគរបាលស្រុកសំរោងទង បានធ្វើការល្បាតតាមមូលដ្ឋានស្មុគស្មាញខាងលើ លុះមកដល់ចំណុចកើតហេតុ បានប្រទះឃើញ និងឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ចំនួន០២នាក់ ដែលកំពុងតែជិះម៉ូតូម៉ាកវីវ៉ាស៊េរីចាស់មួយគ្រឿង ក៏ឃាត់ឆែកឆេរ រកឃើញវត្ថុតាង ក៏ឃាត់ខ្លួនតែម្តង។
នគរបាលបានបន្តអោយដឹងថា មុខសញ្ញាដែលឃាត់ខ្លួន ទី០១មានឈ្មោះ យិន គីមសួ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី០២មានឈ្មោះ ចំរើន ជា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃក្របៅ ឃុំព្រែកអំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
នគរបាលបានបន្ថែមទៀតថា ក្រោយឃាត់ខ្លួន កម្លាំងនគរបាលឆែកឆេរ ដកហូតបានម្សៅក្រាមពណ៌សថ្លា សង្ស័យថាជា គ្រឿងញឿន (ប្រភេទម៉ាទឹកកក) ចំនួន១៤កញ្ចប់ ក្នុងនោះមាន (មធ្យមចំនួន០១កញ្ចប់) តូចចំនួន១៣កញ្ចប់ ម៉ូតូចំនួន០១គ្រឿង និងទូរសព្ទ័ដៃចំនួន០១គ្រឿង (ចាស់)ផងដែរ។
ក្រោយពីធ្វើការឃាត់ខ្លួនបុរសជាមុខសញ្ញា រួមជាមួយវត្ថុតាង និងសម្ភារខាងលើ នគរបាលស្រុក កំពុងតែធ្វើការសាកសួរនាំ រួចកសាងសំណុំរឿង មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ អ៊ុ ណូន






