នៅល្ងាចថ្ងៃសុក្រ ៤ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញផ្តល់សន្ទរកថាអបអរសាទរ ក្នុងពិធីជប់លៀងទិវាអាស៊ាន-កូរ៉េលើកទី ៥ ដែលរៀបចំដោយស្ថានបេសកកម្មនៃសាធារណរដ្ឋកូរ៉េប្រចាំអាស៊ាន។
ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងកូរ៉េ ក្នុងរយៈពេល ៣៤ ឆ្នាំ កន្លងទៅ និងបានថ្លែងអំណរគុណសាធារណរដ្ឋកូរ៉េ ដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសាធារណរដ្ឋកូរ៉េ ដើម្បីបង្កើនទំនាក់ទំនង ស្របពេលដែលភាគីទាំងពីរនឹងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំ២០២៤ ស្របគ្នាជាមួយខួបអនុស្សាវរីយ៍ ៣៥ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ។






