មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន បានបញ្ជាក់ជូន សម្តេចតេជោថា រដ្ឋាភិបាលចិន នឹងបន្តអនុវត្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកម្ពុជាឲ្យកាន់តែខ្លាំងឡើង ជាពិសេស ជំរុញការនាំទំនិញកសិផលកម្ពុជា ទៅកាន់ទីផ្សារចិន។
ការបញ្ជាក់នេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន៧ មករា ចំការមន នៅ ព្រឹកថ្ងៃទី២៤ សីហានេះ។
រដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្ត ចិន ឯកឧត្តម លីវ ជានចាវ បានបញ្ជាក់ជូន សម្តេចតេជោថា រដ្ឋាភិបាល ចិន នឹងបន្តអនុវត្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកម្ពុជាឲ្យកាន់ តែ ខ្លាំងឡើង ជាពិសេស ជំរុញការនាំទំនិញកសិផលកម្ពុជា ទៅកាន់ទីផ្សារចិន ការបង្កើនការហោះហើរត្រង់មកកាន់កម្ពុជា ការលើកទឹកចិត្តឲ្យអ្នកវិនិយោគចិនមកកាន់កម្ពុជា និងជួយកម្ពុជាលើការអភិវឌ្ឍថាមពលបៃតង ។
ឯ.ឧ អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ ថា ឯកឧត្តម លីវ ជានចាវ បានមកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០០៤ រយៈពេល១៨ឆ្នាំកន្លងមកនេះ កម្ពុជាមានការផ្លាស់ប្ដូរយ៉ាងខ្លាំង។ ឯកឧត្តម លីវ ជានចាវ បានជម្រាបជូនសម្តេចតេជោថា ព្រះរាជាណាចក្រទាំងមូល មានភាពស្រស់បំព្រង សេដ្ឋកិច្ចមានការលូតលាស់ ទីក្រុងមានការអភិវឌ្ឍ ប្រជាជនមានទឹកមុខញញឹមប្រិមប្រិយ។ ពិសេសតួនាទីរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ត្រូវបានទទួលស្គាល់ និងគោរព ដែលទាំងនេះបានឆ្លុះបញ្ចាំងនូវការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងគួរជាទីគំរូសម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍ។
ឯកឧត្តម លីវ ជានចាវ បានបន្ថែមថា ការអភិវឌ្ឍសេដ្ឋកិច្ចជាមូលដ្ឋាន បំពេញអោយសេចក្ដីត្រូវការរបស់ប្រជាជនកម្ពុជា។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម លីវ ជានចាវ ចំពោះការវាយតម្លៃការអភិវឌ្ឍរបស់កម្ពុជារយៈពេល ១៨ឆ្នាំកន្លងមកនេះ ។ សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របជាមួយនឹងឯកឧត្តម លីវ ជានចាវ ដែលថា ការអភិវឌ្ឍន៍សេដ្ឋកិច្ច គឺបម្រើឲ្យសេចក្ដីត្រូវការរបស់ប្រជាជន។
ក្នុងន័យនេះ សម្ដេចតេជោ បានសូមអរគុណ និងសូមស្វាគមន៍ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែទូលាយថែមទៀត ជាពិសេស លើវិស័យពាណិជ្ជកម្មកសិកម្ម វិស័យវិនិយោគទុន លើវិស័យទេសចរណ៍ ក៏ដូចជាលើវិស័យថាមពលបៃតងផងដែរ៕






