ប្រធានគណៈកម្មការ អង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា ស្នើឱ្យមន្ត្រីទាំងអស់ត្រូវនៅឱ្យឆ្ងាយពីអំពើពុករលួយ ហើយបង្ខិតសេវាសាធារណៈឱ្យកាន់តែគៀកជិតប្រជាពលរដ្ឋ កាន់តែឆ្លើយតនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងត្រូវចូលរួមធ្វើការដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងនៅតាមមូលដ្ឋានរបស់ខ្លួន ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (ហៅកាត់ គណៈកម្មការទី១០) បានស្នើឡើងដូចនេះ នៅក្នុងកិច្ចពិភាក្សាមួយ ជាមួយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត កណ្តាល និងមន្ត្រី អាជ្ញាធរខេត្តនិង មន្ទីរពាក់ព័ន្ធ។ ឯកឧត្តមដឹកនាំប្រតិភូ នៃគណៈកម្មការទី១០ដើម្បីចុះសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពនិងបញ្ហាប្រឈមនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការការអភិវឌ្ឍមូលដ្ឋាននិងការគ្រប់គ្រងច្រកទ្វារព្រំដែនអន្តជាតិក្អមសំណនៅសាលប្រជុំ ការិយាល័យគយ និងរដ្ឋាករក្អមសំណ ស្ថិតក្នុងស្រុកលើកដែក កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ។

ឯកឧត្តម ម៉ម ប៊ុននាង ក៏បានជម្រាបផងដែរ អំពីបេសកកម្មនៅខេត្តកណ្តាលនាពេលនេះ គឺដើម្បីឈ្វេងយល់ អំពី វឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់រដ្ឋបាលខេត្តកណ្តាល ពិសេសស្រុកលើកដែក ព្រមទាំងដំណើរការនៃការអនុវត្តច្បាប់ ស្តីពី ការប្រឆាំងអំពើពុករលួយ និងការអនុវត្តកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការរបស់ខេត្តនេះ ថាតើមានប្រសិទ្ធភាពបែបណា ហើយមានចន្លោះប្រហោងអ្វីខ្លះដែលត្រូវបំពេញបន្ថែម ដើម្បីបន្តអនុវត្តឱ្យបានល្អនិងមានប្រសិទ្ធភាព។

ជាមួយគ្នានោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានជម្រាបជូន គណៈប្រតិភូអំពីស្ថានភាពភូមិសាស្រ្ត ប្រជាសាស្ត្រ ការអភិឌ្ឍមូលដ្ឋាន វឌ្ឍនភាពនៃការអនុវត្តច្បាប់ ស្តីពី ការប្រឆាំងអំពើរពុករលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការផ្តល់សេវារដ្ឋបាល និងការបង្ការទប់ស្តាប់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងតែរាតត្បាតជាសកលនេះ ដោយយកចិត្តទុកដាក់ ព្រមទាំងបំផុសចលនា ដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រ័ត្នខ្ពស់ រស់នៅប្រកាន់ខ្ជាប់អនាម័យ និងអនុវត្តវិធានទាំងឡាយដែលក្រសួងសុខាភិបាលបានដាក់ចេញ៕






