ប្រមុខការទូតកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៏ថា វ៉ាក់សាំងនេះជាដំណោះស្រាយតែមួយគត់ សម្រាប់ការវិលត្រឡប់ទៅរកស្ថានភាពធម្មតាឡើងវិញ។
ការលើកឡើងនេះ គឺក្នុងជំនួបតាមប្រព័ន្ធវីដេអូរវាង ឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវ Louise Mushikiwabo អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី កាលនេះពីម្សិលម៉ិញ។
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា រហូតមក ដល់ពេលនេះ កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ តែម្នាក់គត់ដែលបានបាត់ បង់ជីវិត។ វ៉ាក់សាំងដំបូងបង្អស់ដែលទទួលបានក្នុងក្រប ខណ្ឌនៃយន្តការ Covax និងអំណោយពី រដ្ឋាភិបាលចិន បានអនុញ្ញាតឱ្យកម្ពុជាចាប់ផ្តើមចាក់វ៉ាក់ សាំងដំបូងដល់ប្រជាជន។ វ៉ាក់សាំងជាច្រើនទៀតត្រូវបានរំពឹងនឹងទទួលបានក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខនេះ។
លោកជំទាវអគ្គលេខាធិការ បានកោតសរសើរកម្ពុជា ចំពោះការគ្រប់គ្រងជំងឺរាតត្បាតនេះ ប្រកបដោយប្រសិទ្ធភាព។ លោកជំទាវបានរំឭកពីសេចក្តីសម្រេចដែលសមាជិកអង្គការ OIF បានអនុម័តជាឯកច្ឆន្ទ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ សំដៅឱ្យសម្រេចបាននូវ សាមគ្គីភាពអន្តរជាតិ និងការចែករំលែកវ៉ាក់សាំងប្រកបដោយសមធម៌ នៅក្នុងក្របខ័ណ្ឌនៃយន្តការ Covax និងជាមួយសហភាពអឺរ៉ុប។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា “គ្មានប្រទេ ស ណាអាចចាត់ទុកថារួចផុតពីគ្រោះថ្នាក់បានទេ ប្រសិនបើប្រទេសផ្សេងទៀតមិនមានសុវត្ថិភាពនោះ។ វ៉ាក់សាំងនេះជាដំណោះស្រាយតែមួយគត់ សម្រាប់ការវិលត្រឡប់ទៅរកស្ថានភាពធម្មតាឡើងវិញ។
លោកជំទាវ MUSHIKIWABO បានជូនដំណឹងពីបំណងប្រាថ្នារបស់លោកជំទាវ ក្នុងការបំពេញទស្សនកិច្ច ជាមួយឥស្សរជនហ្វ្រង់កូហ្វូន មកពីសហភាពអឺរ៉ុបនៅប្រទេសកម្ពុជា នៅមុនដំណាច់ខែមេសាឆ្នាំ២០២១ ក្នុងគោលបំណងធ្វើការតស៊ូមតិ ដើម្បីទទួលបានការចាក់វ៉ាក់សាំងជាសកល និងប្រកបដោយសមធម៌ ក្រោមយន្តការ COVAX ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានផ្តល់ការគាំទ្រយ៉ាងពេញ ទំហឹង ចំពោះសំណើនេះ និងបានប្រកាសថា ៖ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីត្រូវតែបង្ហាញវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលកម្ពុជាលើកតម្កើងយ៉ាងសកម្មនូវការប្រើប្រាស់ភាសាបារាំង និងគុណតម្លៃហ្វ្រង់កូហ្វូនី។
យុទ្ធ នាការចាក់វ៉ាក់សាំងពហុភាគីនេះ នឹងទទួលបានការចាប់ អារម្មណ៍នៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលរៀបចំឡើងដោយប្រទេសកម្ពុជានៅដំណាច់ ឆ្នាំ ២០២១ ក្រោមមូលបទការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា ”៕
ដោយ៖ សំអាត






