ប្រទេសថៃ ៖ ពលករខ្មែរ ឆ្លងដែនទៅធ្វើការនៅឯប្រទេសថៃត្រូវខ្សែចរន្តអគ្គីសនី ឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែល ជនរងគ្រោះ បានលូនចូលទៅឆ្កឹះយកបាល់ដែលបានរត់ចូលទៅក្រោមបន្ទប់ស្នាក់នៅរបស់កម្មករ ហើយបានប៉ះទៅនឹង ជញ្ជាំងស័ង្កសី ដែលមានចរន្តឆ្លងបណ្តាលអោយឆក់តែម្តង ។
យោងតាមរបាយការណ៍ដែលភ្នាក់យើងទទួលបានគឺ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៤ និង ៣០ នាទី ល្ងាច ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៨ ត្រង់ចំណុចក្បែផ្លូវសុខុមវីត ស្ថិតក្នុងភូមិ ៧ ឃុំបានកៅ ស្រុកផានថង ខេត្តឈុនបុតី ប្រទេសថៃ ។ សាក្សីម្នាក់ឈ្មោះ ណាន ធៀនតឿ ភេទប្រុស អាយុ៣២ឆ្នាំ ជាពលករខ្មែរដូចគ្នា ដែលបានឃើញ ហេតុការណ៍ផ្ទាល់នឹងភ្នែកបាននិយាយថា ថ្ងៃកើតហេតុគឺជាថ្ងៃឈប់សម្រាកពីការងាររបស់ពលករគ្រប់រូប ក៏ដូចជាមន្ត្រី រាជការដែរ នៅល្ងាចនោះជនរងគ្រោះដែលមានឈ្មោះ កង កឿយ ភេទប្រុស អាយុ២៣ឆ្នាំ ជាមួយនឹងមិត្តភក្តិជាច្រើនរូប បាននាំគ្នាលេងបាល់ទះនៅនឹងវាលមួយកន្លែង ក្បែរកន្លែងសម្រាករបស់ពលករខ្មែរ ។ សាក្សីបានបន្តថា នៅពេលនោះដែរ បាល់បានខ្ទាតរត់ចូលទៅក្រោមកន្លែងបន្ទប់សម្រាក ទើបជនរងគ្រោះបានយកឈើលូកចូលទៅឆ្កឹះតែមិនដល់បាល់ ហើយ គេក៏បានលូនចូលទៅបន្ថែមទៀត ដែលនៅពេលនោះដើមដៃ របស់ជនរងគ្រោះបានប៉ះទៅនឹងជញ្ជាំងស័ង្កសី ស្រាប់តែ ជនរងគ្រោះប្រកាច់រួចបាត់មាត់ស្តូកស្តឹងនៅក្បែជញ្ជាំងនោះតែម្តង ទើបធ្វើអោយមានការឆោរឡោឡើង នៅពេលនោះដែរ ក៏មានតម្រួតចុះមកពិនិត្យភ្លាមៗទៅលើទីតាំងកើតហេតុ ដោយបានរកឃើញថា នៅខាងលើដំបូលនៃបន្ទប់ស្នាក់នៅរបស់ កម្មករឆ្លងដែនមានខ្សែភ្លើងរត់កាត់ពីលើនៅជាប់នឹងស័ង្កសីតែម្តង លុះពេលមានខ្យល់បក់មកប៉ះ ធ្វើអោយខ្សែភ្លើងនោះ មុតនឹងស័ង្កសី និងដាច់សំបកឆ្លងចរន្តទៅនឹងស័ង្កសីដោយមិនមាននរណាដឹងទាល់តែសោះ។ ក្រុមតម្រួត បានហៅអ្នក គ្រប់គ្រងទីតាំងនេះមកសួននាំ និងធ្វើការស្រាវជ្រាវ រកមុខអ្នកដែលតខ្សែភ្លើងដើម្បីនាំខ្លួនទៅកាន់អធិការដ្ឋាន និងទទួល ទោសទៅតាមផ្លូវច្បាប់។ វណ្ណា












