ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធី សួរសុខទុក្ខ ប្រោសព្រះរាជទាន ព្រះរាជអំណោយដល់ក្រុមកម្មករកម្មការិនី ប្រមូល សំរាមនិងសម្អាតទីក្រុង ចំនួនជាង២០០០នាក់ អបអរសារទរទិវាជាតិទីក្រុងស្អាត។
ព្រះរាជពិធីនេះបានប្រារព្វធ្វើឡើងនៅលើ កោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានកម្មករ កម្មការិនី ប្រមូលសំរាម និងសម្អាតទីក្រុង មកពី ក្រុមហ៊ុន៣ ចូលរួម រួមមាន ក្រុមហ៊ុន Cintri (Cambodia) / (Everbright China) ក្រុមហ៊ុន 800 SUPER/GAEA និង ក្រុមហ៊ុន Mizuda Group Co.,Ltd ។
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនោះ បានមានព្រះរាជបន្ទូល កោតសរសើរ ចំពោះអភិបាលរាជធានីភ្នំពេញ ដែលបានដឹកនាំរាជធានីភ្នំពេញអោយក្លាយជាទីក្រុងស្អាត មានសោភណ្ឌភាពទាក់ទាញ និងលើកកំពស់ជីវីភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ក្រោមការដឹកនាំកិក្តិបណ្ឌិតដ៏ឆ្នើមនិងប៉ិនប្រសព្វរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រតិបត្តិតាមមាគារ ដ៏ល្អប្រពៃ និងមរតក នយោបាយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលបានដឹកនាំសង្គមជាតិទាំងនៅទីក្រុង ក៏ដូចជានៅជនបទទទួលបាននូវសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍរីកចំរើន លូតលាស់លើគ្រប់វិស័យ។
អភិបាលរាជធានីភ្នំពេញ បានចូលរួមចំណែកដឹកនាំកែលំអរ សោភណ្ឌភាព និងអភិវឌ្ឍន៍ទីក្រុងភ្នំពេញអោយមានភាពស្រស់ បំ ព្រងល្អស្អាត ស្របតាមគោលនយោបាយ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។ សូមកោតសរសើរនិងអរគុណបងប្អូន កម្មករ កម្មការរិនីទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមថែរក្សាបរិស្ថាន និងសំអាតទីក្រុងភ្នំពេញឱ្យមានអនាម័យល្អស្អាតនិងមានសោភណ្ឌភាពល្អ។ ព្រះអង្គ បានអំពាវនាវគ្រប់ក្រសួងស្ថាប័នរាជធានី ខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន ព្រះសង្ឃគ្រប់ព្រះអង្គ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ ជនរួមជាតិទាំងអស់ សូមចូលរួមអោយបានផុលផុសប្រកប ដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាបរិស្ថានអោយបានល្អស្អាតនិងបៃតង ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ដើម្បីឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណ ភាពនិងភាពទាក់ទាញខ្ពស់ សម្រាប់ទេស ចរណ៍ជាតិនិងអន្តរជាតិ ពិសេសការបំពេញទស្សនៈកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ជាផ្លូវរដ្ឋ ផ្លូវការ ជាមិត្តភាពជាមួយប្រទេសកម្ពុជាយើង។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសា សន៍ថា រដ្ឋបាលរាជធានីភ្នំពេញ បច្ចុប្បន្ននេះ មានភាពល្អប្រសើរលើការងារគ្រប់គ្រង និងការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធរូបវន្តព្រមទាំងការថែរក្សាអនាម័យ-បរិស្ថានទីក្រុង ស្អាត ពោលគឺ ក្រោយពេលដែលរាជរដ្ឋាភិ បាលបានធ្វើកំណែទម្រង់លើការងារគ្រប់គ្រងសំរាម -សំណល់រឹង នៅរាជធានីភ្នំពេញជ្រើសរើសបានក្រុមហ៊ុនចំនួន ៣ ដើម្បីផ្តល់សេវាប្រមូល និងដឹកជញ្ចូន សំរាមក្នុងរាជធានីភ្នំពេញ។
តាមបទពិសោធន៍នាពេលកន្លងមក នៅ ពេលដែលរាជធានីភ្នំពេញ មានប្រតិបត្តិករប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹងតែមួយ បរិមាណសំរាមដែលត្រូវបានប្រមូល និងដឹកជញ្ជូនទៅទីលានចាក់សំរាមដង្កោ គិតជាមធ្យមត្រឹមតែចំនួន ២.៧០០ តោន/ថ្ងៃ ប៉ុន្តែ ក្រោយពេលកំណែ ទម្រង់ប្រតិបត្តិករទាំង៣ មានលទ្ធភាពប្រមូល និងដឹកជញ្ជូនសំរាម- សំណល់រឹង គិតជាមធ្យមប្រមាណ ៣.៧០០ តោន/ថ្ងៃ ជាហេតុធ្វើឱ្យរាជធានីភ្នំពេញមានបរិស្ថានស្អាត និងគ្មានសំរាមកកស្ទះដូចមុនទេ។
លើសពីនេះ ក្នុងឆ្នាំ២០២២-២០២៣ កន្លងទៅ ប្រតិបត្តិករទាំង ៣ បានរួមចំណែកយ៉ាងសំខាន់នៅក្នុងកម្មវិធីធំ១ សំខាន់របស់រាជរដ្ឋាភិបាល ដូចជា កិច្ចប្រជុំកំពូលអាស៊ាន, កិច្ចប្រជុំអាយប៉ា (AIPA), កិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានី អាស៊ាន, ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាប៉ារ៉ាហ្គេម លើកទី១២ ដោយទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ។
តាមរយៈព្រះរាជសកម្មភាព និងព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ពីព្រះទ័យទុកដាក់បំផុត អស់ពីកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះជាតិមាតុភូមិ រួមចំណែកយ៉ាងធំធេងជាមួយប្រមុខរាជរដ្ឋាភិបាល ដើម្បីដោះស្រាយ និងសម្រាលការលំបាករបស់បុគ្គលិក និងបងប្អូនកម្មករ-កម្មការិនី ក៏ដូចជាប្រជារាស្ត្ររបស់ព្រះអង្គ ស័ក្តិសមបំផុតទៅនឹង ព្រះបរមនាមជាអង្គក្សត្រប្រកបដោយទសពិធរាជធម៌។






