(ខេត្តឧត្ដរមានជ័យ,ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១)៖មនុស្ស៥នាក់ ដែលមានអាការៈ ឈឺពោះ រាគ និងក្អួតចង្អោរ រហួតដល់អស់កម្លាំង ក្រោយពីពួកគាត់បានបរិភោគនំប៉័ង ដែលត្រូវបានក្រុមគ្រួសារនាំទៅមណ្ឌលសុខភាពរំចេក កាលវេលាម៉ោង៨ និង២៤នាទីយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ តែដោយសារស្ថានភាពធ្ងន់ ជនរងគ្រោះត្រូវបានបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ។
ជនរងគ្រោះ ៥នាក់ ដែលពុលនំប៉័ង ក្នុងនោះមានស្រី ២នាក់ ពួកគាត់រស់នៅអូរអំបិល ភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ៖
ទី១-ឈ្មោះ មេត មាន ភេទ ប្រុស អាយុ ៤៦ឆ្នាំ
ទី២- ឈ្មោះ មាន ផាលីដា ភេទ ស្រី អាយុ ១១ឆ្នាំ
ទី៣- ឈ្មោះ មាន ផាវីន ភេទ ស្រី អាយុ ១៧ឆ្នាំ
ទី៤- ឈ្មោះ អ៊ាង សុខឡា ភេទប្រុស អាយុ ៧ឆ្នាំ
និងទី៥- ឈ្មោះ ផាន ភា ភេទប្រុស អាយុ ៤០ឆ្នាំ។
តាមការរៀបរាប់ពីជនរងគ្រោះឈ្មោះ មេត មាន បានអះអាងថា ពួកគាត់បានហូបនំប៉័ង ដែលគេគេដឹកម៉ូតូលក់ ប្រហែលម៉ោង១២ថ្ងៃត្រង់ នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ យកមកផ្ទះ នៅចំណុចអូរអំបិល ស្ថិតនៅភូមិអូរតាមែង ឃុំ-ស្រុកអន្លង់វែង ដោយពួកគាត់ទាំង ៥នាក់ ក៏បាននាំគ្នាហូបនំប៉័ង។
លុះដល់វេលាម៉ោងប្រហែលជា ៣រសៀល ស្រាប់តែមានអាការៈឈឺពោះ រាគ និងក្អួតចង្អោរ ចំពោះអ្នកដែលបានហូបប៉ុណ្ណោះ រហូតដល់ម៉ោង ១៦-៣០នាទី ដែលអាការៈនៅតែបន្តរាគ និងក្អួតចង្អោរដដែល ធ្វើអោយពួកគាត់អស់កម្លាំង និងពិបាកក្នុងខ្លួនជាខ្លាំង។
តែដោយសារស្ថានភាពជនរងគ្រោះពុំមានការធូរស្រាល ក្រុមគ្រួសារនាំយកទៅមណ្ឌលសុខភាពរំចេក ហើយពេទ្យបានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង។
ជនរងគ្រោះទាំង៥នាក់ រហូតដល់ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ពួកគាត់មានអាការៈធូរស្រាលវិញហើយ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ ចំពោះពួកគាត់ និងកំពុងបន្តតាមដានអាការៈ ជំងឺ ដើម្បីព្យាបាលបើតាមការបញ្ជាក់ពីគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង៕
ដោយ៖ផុន បេនផរ(កែសម្រួលដោយ មណ្ឌល កែវ)






