កំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានអ្នកស្រុកប្រទះឃើញដេកស្លាប់នៅក្នុងទឹកស្រែដោយសារតែមានជំងឺតេតាណួស (ប្រកាច់)ហើយស្លាប់មិនមានអ្នកណាដឹងពេលទៅមើលវាលស្រែម្នាក់ឯង កាលពីវេលាម៉ោង០៤និង២០នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចវាលស្រែ ក្នុងភូមិល្វាទេ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់ស្ត្រីឈ្មោះរី គីម អាយុ៣២ឆ្នាំ ដែលជាប្រពន្ធជនរងគ្រោះបាននិយាយអោយដឹងថា ជារៀងរាល់ថ្ងៃ ប្តីរបស់ នាងតែងតែប្រកាច់(មានជំងឺតេតាណួស) បន្ទាប់កាលពី៣ឆ្នាំមុនប្តីរបស់នាងបានបើកគោយន្តបណ្តាលអោយដាច់សរសៃ ប្រសាទខួរក្បាលចាប់តាំងពីពេលនោះមករហូតមកដល់សព្វថ្ងៃនេះ ។
ស្ត្រីជាប្រពន្ធបានបន្ថែមទៀតថាកាលពីរសៀលថ្ងៃកើតហេតុនោះគាត់(ជនរងគ្រោះ)បានពរកូនតូចអាយុ១៨ខែ ទៅមើល ស្រែហើយក៏បាត់រហូតមក ស្រាប់តែម៉ោងជាង០៤រសៀលឈ្មោះ ហែម រីម ភេទស្រី អាយុជាង៤០ឆ្នាំ នៅភូមិល្វាទេ ឃុំយាអង្គ ជាមួយគ្នាបានចេញទៅមើលស្រែ ខាងត្បូងភូមិចម្ងាយ 350ម៉ែត្រក៏ បានប្រទះឃើញ មនុស្សស្លាប់នៅក្នុងបឹង ស្រែ មានទឹកជម្រៅ 2តឹកកន្លះ ហើយមានកូនតូចម្នាក់នៅក្បែរនោះ ដែលគាត់បានស្គាល់ ជនរងគ្រោះមានឈ្មោះ ខៀវ សៅហៅតូម៉ា ភេទប្រុស អយុ៣៥ ឆ្នាំជាកសិករ រស់នៅភូមិ ឃុំ កេីតហេតុខាងលើជាមួយគ្នា។
ប្រភពបានបន្តទៀតថាបន្ទាប់ពីប្រទះឃើញសពបុរសខាងលើដេកស្លាប់នោះស្ត្រីរូបនោះក៏បានពរកូនតូចនោះត្រឡប់មក ផ្ទះប្រាប់សាច់ញាតិក្រុមគ្រួសារបានដឹង បន្ទាប់មកសពត្រូវឪពុកលេីកយកមកផ្ទះ រួចហេីយទើបបានរាយការណ៍មក សមត្ថកិច្ចតាមក្រោយ ។ តាមការពិនិត្យបឋមរបស់ប៉ុស្តិ៍ សពមានស្នាមបែកភ្នែកហូរឈាមកក្រៅ សពបានរក្សាទុកសិន រង់ចាំជំនាញបច្ចេកទេស វិទ្យាសាស្រ្តពិនិត្យថ្ងៃស្អែក ព្រោះពេលនេះយប់ហេីយមេីលមិនឃេីញ។
បន្ទាប់ពីមានការរាយការណ៍មកនគរបាលជំនាញបច្ចេកទេសខេត្តកំពង់ស្ពឺ បានចុះមកពិនិត្យ។ លោកភោគ សម្បត្តិ នាយការិយាល័យវិទ្យាសាស្ត្របច្ចេកទេសខេត្តបន្ទាប់ពីធ្វើការពិនិត្យដោយយកចិត្តទុកដាក់នោះបានសន្និដ្ឋានថា ស្នាម ឈាមជាប់ភ្នែកនោះនៅពេលដែលជនរងគ្រោះប្រកាច់ អាចប៉ះជាមួយវត្ថុរឹងអ្វីមួយទើបមានស្នាមរលាត់ឈាមភ្នែក និងមាត់ ខាងស្តាំ រួចសាច់ញាតិក្រុមគ្រួសារក៏មិនមានការប្តឹងផ្តល់អ្វីនោះទេ ក៏ប្រគល់សពអោយសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី ៕ អ៊ុ ណូន