(ខេត្តកំពង់ស្ពឺ,ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០) ៖ លោកជំទាវ ឡុង បូណារ៉េត អភិ បាលរងខេត្ត តំណាងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចសមាសភាពក្រុមការងារឆ្លើយតបពហុ
វិស័យចំពោះអំពើហិង្សា ទាក់ទងនឹងយេនឌ័រថ្នាក់ខេត្ត និងបង្កើនការងារថ្នាក់ ក្រុង ស្រុក រយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២០ និងធ្វើបច្ចុប្បន្នភាព ពង្រឹងការអនុវត្តការងារ ក្នុងខេត្តកំពង់ស្ពឺ។
ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាអង្គការសង្គមស៊ីវិល ដៃគូរអភិវឌ្ឍ លោក លោកស្រី ជាតំណាងមកពីមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត និងលោក លោកស្រី ជាអភិបាលរងក្រុង ស្រុកទាំង០៨ សរុបចំនួន៤៥នាក់។
លោកជំទាវ ឡុង បូណារ៉េត អភិបាលរងខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបណ្ដាមន្ទីរ អង្គភាព ពាក់ព័ន្ធ និងដៃគូរ ដែលបានចូលរួមចំណែក យ៉ាងសកម្ម និងរស់រវើក ក្នុងការចូលរួមចំណែក ធ្វើឲ្យសម្រេចនូវសកម្មភាពលេចធ្លោរ លើការងារមួយចំនួន ដូចជា ករណីអំពើហិង្សា ករណីជួញដូរ ករណីរំលោភសេពសន្ធវៈ នៅក្នុង ក្រុង ស្រុកនីមួយៗ នាពេលកន្លងទៅ។
ជាមួយនោះ ក៏សូមថ្លែងអំណរគុណ ចំពោះ អង្គការ ដៃគូទាំងអស់ ដែលបានចូលរួមគាំទ្រទាំងបច្ចេកទេស និងថវិកា ក្នុងការអនុវត្តការងារយេនឌ័រ នាពេលកន្លងទៅ ។
លោកជំទាវលើកឡើងថា ដើម្បី ធានានិរន្តរភាពជោគជ័យនេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៤ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួមជាមួយអង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ក៏បានបន្តការគាំទ្រ និងអនុវត្តនូវបទអន្តរាគមន៍ លើករណី ដូចជា ៖ ហិង្សា ជួញដូរ រំលោភ និងប្រជាពលរដ្ឋ ដែលងាយរងគ្រោះផ្សេងៗទៀត សំដៅធ្វើយ៉ាងណាឲ្យអត្រាថយចុះជាងឆ្នាំមុនៗ ផងដែរ។
ដោយឡែក ខេត្តកំពង់ស្ពឺ ជាខេត្តដែលមានសក្ដានុពលផ្នែកសេដ្ឋកិច្ច ហើយសេវាកំសាន្តសប្បាយ ក៏មានការកើនឡើង ផងដែរ ដែលធ្វើឲ្យស្ត្រីមួយចំនួនរងគ្រោះ។ ដូច្នេះ ទាមទារឲ្យគ្រប់ស្ថាប័នទាំងអស់ ធ្វើការរួមគ្នា ក្នុងការផ្ដល់បទអន្តរាគមន៍ និងសេវាគាំទ្រផ្សេងៗទៀត ដល់ក្រុមងាយរងគ្រោះ បានទាន់ពេលវេលា ផងដែរ។
ជាមួយនោះ ក៏សូមឲ្យអង្គការសង្គមស៊ីវិល ដៃគូពាក់ព័ន្ធ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាព ពាក់ព័ន្ធ បន្តការសហការ និងគាំទ្រ ឲ្យសម្រេចជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
គូសបញ្ជាក់ដែរថា កិច្ចប្រជុំខាងលើនេះ មានគោលបំណង៣យ៉ាង៖
១-ដើម្បីទទួលបានរបាយការណ៍សកម្មភាពស្ដីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រពីស្ថាប័នពាក់ព័ន្ធនិងតាមបណ្ដាលក្រុង ស្រុក។
២-ដើម្បីពិភាក្សារួមគ្នាពាក់ព័ន្ធទៅបញ្ហាអំពើហិង្សាទាក់ទងនឹងយេនឌ័ររកដំណោះស្រាយឆ្លើយតបបញ្ហាស្ត្រី និងកុមារ។
៣-ដើម្បីពង្រឹងបណ្ដាញក្រុមការងារក្នុងការធានានូវការផ្ដល់សេវាសមស្របដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រផងដែរ៕





