(ខេត្តកំពត,ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០)៖ប្រធានមន្ទីររៀបចំ ដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តកំពតលោក
ដាញ់ ណារី បានអោយដឹងថានៅក្នុងស្រុកដងទង់មិនសូវមាន ប្រជាពលរដ្ឋចូលរួមជាមួយមន្ត្រីជំនាញរៀបចំដែនដីវាស់វែងក្បាលដីរបស់ខ្លួនទេ។ដោយសាតែប្រជាពលរដ្ឋភាគច្រើនបានធ្វើចំណាកស្រុកទៅរកទទួលទាននៅឯស្រុកឆ្ងាយៗ។
លោកដាញ់ណារីបានថ្លែងបែបនេះកាលពីព្រឹកថ្ងៃទី23ខែមិថុនានៅក្នុងពិធីប្រគល់វិញ្ញាបណ្ណប័ត្រសំគាល់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋចំនួន150គ្រួសារមកពីឃុំនៅក្នុងស្រុកដងទង់ខេត្តកំពត។
លោកដាញ់ណារីបានថ្លែងប្រាប់នៅក្នុងពិធីចែកបណ្ណ័បត្រសម្គាល់អចលនវត្ថុជូនដល់ពលរដ្ឋនៅស្រុកដងទង់ថានៅក្នុងស្រុកដងទង់មានឃុំចំនួន10តែមន្ត្រីជំនាញរៀបចំដែនដីបានធ្វើការវាស់វែងក្បាលដីប្រជាពលរដ្ឋបានចំនួន6ឃុំរួចមកហើយនៅសល់តែ4ឃុំទៀតមន្ត្រីជំនាញកំពង់ចុះអនុវត្តជាក់ស្ដែង,ប៉ុន្តែការវាស់វែងមានការយឺតយ៉ាវបណ្ដាលមកពីប្រជាពលរដ្ឋចាកចេញពីភូមិស្រុក។ឯកឧត្តមជាវតាយអភិបាលខេត្តកំពតបានថ្លែងប្រាប់ប្រជាពលរដ្ឋនៅសាលាស្រុកដងទង់កាលពីព្រឹកថ្ងៃទី23មិថុនាថាប្រជាពលរដ្ឋគួរតែមានការចូលរួមជាមួយមន្ត្រីរៀបចំដែនដីធ្វើការវាស់វែងដីធ្លីរបស់ខ្លួនអោយបានជាក់លាក់។ឯកឧត្តមជាវតាយបានថ្លែងថាបណ្ណ័សម្គាល់អចលនវត្ថុនេះមានតម្លៃណាស់ព្រោះបើបានបណ្ណ័សម្គាល់សិទ្ធិនេះហើយការកើតមានជម្លោះដីធ្លីក៏អាចកាត់បន្ថយផងដែរ។
ឯកឧត្តមជាវតាយបានជំរុញអោយប្រជាពលរដ្ឋនៅស្រុកដងទង់ក៏ដូចប្រជាពលរដ្ឋនៅក្នុងខេត្តកំពតទាំងមូលចូលរួមវាស់វែងក្បាលដីរបស់ខ្លួនអោយបានច្បាស់លាស់ដើម្បីបញ្ជៀសការកើតមានជម្លោះដីធ្លីជាបន្តទៀត។
ឯកឧត្តមជាវតាយអភិបាលខេត្តកំពតបានជម្រាបប្រាប់ពលរដ្ឋថាសូមអោយពលរដ្ឋមានអនាម័យខ្ពស់ព្រោះមេរោគគូវីដ19មិនទាន់ទៅណាឆ្ងាយទេ។ឯកឧត្តមជាវតាយបានដាស់តឿនប្រជាពលរដ្ឋឲ្យបន្តយកចិត្តទុកដាក់ការងារបង្កបង្កើនផលក្នុងការដាំដុះក្នុងរដូវវស្សានេះជាការចាំបាច់ ៕





