បាត់ដំបងៈមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានយកសំណាកបុគ្គលិកដែលបម្រើការងារនៅសណ្ឋាគារស្ទឹងសង្កែ ចំនួន ៦នាក់ទៅធ្វើតេស្តដោយពួកគេធ្លាប់បានទំនាក់ទំនងផ្ទាល់ជាមួយស្ត្រីជនជាតិបារាំង២នាក់ក្រោយពីធ្វើតេស្ត និងរកឃើញមានជំងឺកូវីដ១៩នៅក្នុងនៅខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ ខណៈពួកគេបានស្នាក់នៅក្នុងសណ្ឋាគារនេះក្នុង អំឡុងពាក់ កណ្ដាលខែមិនាឆ្នាំ២០២០។
ការលើកឡើងនេះ នៅក្នុងកិច្ចប្រជុំដើម្បីត្រៀមការពារនិងទប់ស្កាត់ការរាតត្បាញជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី២៣ខែមិនាឆ្នាំ២០២០។
ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង លោក វឿង ប៊ុនរេត បានមានប្រសាសន៍ឲ្យដឹងថាក្រោយពីដឹងដំណឹងថា ស្ត្រីជនជាតិបារាំងទាំង ២នាក់ បានស្នាក់នៅក្នុងសណ្ឋាគារស្ទឹងសង្កែ មន្ត្រីសុខាភិបាលខេត្តបាត់ដំបង បានចុះទៅដល់សណ្ឋាគារ ដើម្បីត្រួតពិនិត្យនិងនាំអ្នកធ្លាប់ទាក់ទងនឹងជនជាតិបារាំងទាំង២នាក់នោះ ទៅដាក់នៅដាច់ដោយឡែកពីគេ ហើយយកសំណាកពួកគេទៅធ្វើតេស្តរកមើលជំងឺកូវីដ១៩ ហើយនៅមិនទាន់ចេញលទ្ធផលនៅឡើយទេ។
ក្រៅពីបុគ្គលិកសណ្ឋាគារស្ទឹងសង្កែទាំង ៦នាក់ ត្រូវយកសំណាក់ទៅធ្វើតេស្តនោះ គឺមន្ទីរក៏កំពុងស្វែងរកទីតាំងភោជនីយដ្ឋាន រមណីយដ្ឋាននិងមគ្គុទេស ដើម្បីនាំយកអ្នកធ្លាប់ទាក់ទងដោយផ្ទាល់ជាមួយពួកគេនៅកន្លែងទាំងអស់នេះ មកធ្វើតេស្តកូវីដ១៩ ដូចគ្នាផងដែរ ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថាដើម្បីជួយទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្តបានរៀបចំអគារនៃវិទ្យាល័យព្រះមុនីវង្សនិងរកជួលសណ្ឋាគារ ដើម្បីធ្វើការពិនិត្យធ្វើតេស្តពលរដ្ឋ ដែលមានការសង្ស័យមានជំងឺកូវីដ១៩ ។
សម្រាប់អាជ្ញាធរតាមស្រុក ពិសេសស្រុកនៅជាប់នឹងព្រំដែន ត្រូវរកទីតាំងសមរម្យ ដើម្បីឲ្យពលករចេញមកពីថៃ ឲ្យពួកគេនៅដាច់ដោយឡែកពីពលរដ្ឋធម្មតាសិន ដើម្បីឲ្យមន្ត្រីសុខាភិបាលធ្វើតេស្តជំងឺកូវីដ១៩ បើរកមិនឃើញ ទើបអនុញ្ញាតិឲ្យទៅផ្ទះ ហើយរាល់ការចំណាយការហូបចុក ស្នាក់នៅជាដើម អាជ្ញាធរត្រូវចេញឲ្យពួកគេ។
បើយោងតាមលោក វឿង ប៊ុនរេតប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា រហូតមកដល់ពេលនេះ មន្ទីរសុខាភិបាលខេត្តបាត់ដំបង បាននាំសំណាកអ្នកសង្ស័យមានជំងឺកូវីដ១៩ ទៅធ្វើតេស្តសរុបចំនួន៨៩នាក់ ក្នុងនោះរកឃើញមានជំងឺនេះចំនួន ៨នាក់ (ស្រី២នាក់) ហើយនៅសល់សំណាកចំនួន ១២ទៀត មិនទាន់បានចេញលទ្ធផល៕





