ខេត្តប៉ៃលិន,ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ៖ នៅព្រឹកម៉ិញនេះក្នុងសាលប្រជុំរោងកុនខេត្តប៉ៃលិន មានប្រារព្ធពិធីសូត្រមន្ត បង្សុកូល ចម្រើនព្រះបរិត្ត រាប់បាត្រ ដល់ព្រះសង្ឃចំនួន៨៥អង្គ ដើម្បីថ្វាយព្រះពរជ័យ សិរីមង្គល ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងគម្រប់ព្រះជន្ម ៨៤ យាងចូល ៨៥ព្រះវស្សា ។
ពិធីនេះ ស្ថិតក្រោមវត្តមានលោកជំទាវ បាន ស្រីមុំ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក សមាជិការ គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អនុគណ:កម្មការសាខាកាកបាទក្រហមកម្ពុជា ក្រុង/ស្រុក អ្នកស្ម័គ្រចិត្ត យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងយុវជន ស.ស.យ.ក. ខេត្តប៉ៃលិន ជាច្រើនរូប។
នៅក្នុងឱកាសនោះដែរលោកជំទាវ បាន ស្រីមុំ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន និងសហការី នៃសាខាកាកបាទក្រហមកម្ពុជាខេត្តទាំងអស់ បានលើកហត្ថប្រណម បួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមី នៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ គ្រប់ព្រះអង្គ ព្រះបារមី ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំកុរ សំរឹទ្ធស័ក ព.ស ២៥៦៤ សូមជួយបីបាច់ថែរក្សា សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីព្រះអង្គគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ ដល់ប្រជានុរាស្រ្តជាកូន ចៅ ចៅទួត របស់ព្រះអង្គ ទូទាំងព្រះរាជាណាចក្រកម្ពុជា ជាដរាបតរៀងទៅ ។
សូមបញ្ជាក់ថា៖ ក្នុងពិធីសូត្រមន្ត បង្សុកូល ចម្រើនព្រះបរិត្ត រាប់បាត្រដល់ព្រះសង្ឃ៨៥អង្គ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងឱកាស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតគម្រប់ព្រះជន្ម ៨៤ យាងចូល ៨៥ព្រះវស្សានេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលមានលោកជំទាវ បាន ស្រីមុំ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្ដល់ទេយ្យទានដល់វត្តមួយក្នុងក្រុងប៉ៃលិន និងតាជី យាយជី ដែលចូលរួមជាច្រើននាក់ផងដែរ៕





