យុទ្ធនាការ «១ម៉ឺនរៀល១ម៉ឺននាក់» ឆ្នាំ២០២៤ ដែលផ្តួចផ្តើមឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលបានការបរិច្ចាគជាង ៣.៣ លានដុល្លារ ពីសប្បុរជន ជាង២៤ម៉ឺននាក់។
យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានផ្តួចផ្តើម ឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានលទ្ធផលជោគជ័យគួរជាទីមោទកៈ ទាំងទិដ្ឋភាពថវិកា និងចំនួនសប្បុរសជន ពោលគឺមានការចូលរួមគាំទ្រយុទ្ធនាការដ៏មានសារៈសំខាន់នេះជាង ២៤ម៉ឺននាក់ ជាមួយនឹងថវិកាបរិច្ចាគសរុបសមមូលជា ប្រាក់ដុល្លារអាម៉េរិកចំនួនជាង ៣,៣ លានដុល្លារ។បើធៀបនឹងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ពីរលើកកន្លងមកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៤ នេះ ទទួលបានការចូលរួមកាន់តែផុសផុល ពីសប្បុរសជនក្នុងបណ្តាក្រសួង-ស្ថាប័ន, រាជធានី-ខេត្ត, ក្រុមហ៊ុន-សហគ្រាសទាំងតូចទាំងធំ ទាំងនៅ រាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ដែលនេះឆ្លុះបញ្ចាំងពីចលនាជាតិដ៏សំខាន់មួយក្នុង ស្មារតី ខ្មែរជួយខ្មែរ ដើម្បីរួមគ្នានាំក្តីសង្ឃឹមនិងភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។ សូមជម្រាបជូនថា មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ស្ថាបនិក និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយស បានរៀបចំយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ នេះឡើង ក្នុងគោលបំណង ពីរសំខាន់ៗគឺ៖ ១). ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និង ២). ដើម្បីរំលឹក និងបំផុស ចលនាកៀរគរការបរិច្ចាគក្នុងស្មារតី “ខ្មែរជួយខ្មែរ” ទោះតិចក្តី ឬច្រើនក្តី ពីសំណាក់សប្បុរសជននានាទាំងក្នុង និងក្រៅប្រ ទេស ដើម្បីរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការផ្តល់ក្តីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា។
តាមសំណេររបស់ លោកជំទាវបណ្ឌិតប្រធានកិត្តិយស, ទោះបីជាយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ឆ្នាំ២០២៤ នេះ ត្រូវបិទបញ្ចប់នៅពេលនេះមែន តែមូលនិធិគន្ធបុប្ផាកម្ពុជានៅតែបន្តបេសកកម្មកៀរគរ ការបរិច្ចាគជាប្រចាំ ព្រោះថាមន្ទីរពេទ្យគន្ធបុប្ផាត្រូវការថវិកាចំណាយចំនួនប្រមាណ១២ ម៉ឺនដុល្លារ ក្នុងមួយថ្ងៃៗ ឬស្មើនឹងប្រមា ណ ៤៣លានដុល្លារ ក្នុងមួយឆ្នាំៗ ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការក្នុង បេសកកម្មផ្តល់ការពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃ ពោះរាប់លានករណី ក្នុងមួយឆ្នាំៗ ប្រកបដោយគុណ ភាព, ឥតថ្លៃ និងមិនមានការរើសអើង។ ក្នុងន័យនេះ មូលនិធិគន្ធបុប្ផាកម្ពុជា សូមអំពាវនាវដល់សប្បុរសជននានា ទាំងនៅក្នុងស្រុក និង នៅប្រទេស សូមបន្តនូវទឹកចិត្តសប្បុរស និងវប្បធម៌ចែករំលែកដ៏ថ្លៃថ្លានេះ រួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការនាំមកនូវក្តីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា ទោះតិចក្តី ច្រើនក្តី ដើម្បីរក្សា និរន្តរភាពនៃកិច្ចដំណើរ ការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប៕






