រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមបើកដំណើរការសាងសង់អគាររដ្ឋបាល ក្នុងបរិវេណសាលារាជធានីភ្នំពេញ ដើម្បីបម្រើតម្រូវការជាក់ស្តែង ក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
ពិធីក្នុងពាលីតាមបែបសាសនា ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២៤ខែសីហាឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រោមឱវាទសាលារាជធានីភ្នំពេញ។
ដំណើរការសាងសង់អគារនេះ ប្រព្រឹត្តទៅស្របតាមសេចក្តីត្រូវការ ផ្នែករដ្ឋបាលរាជធានីភ្នំពេញ និងបម្រើប្រជាពលរដ្ឋដែលមកមានតម្រូវការសេវា។ ពិធីក្រុងពាលីនេះ ធ្វើឡើងដើម្បីសុំម្ចាស់ទឹកម្ចាស់ដី និងសេចក្តីសុខសេចក្តីចម្រើនតាមបែបសាសនា ក្នុងកិច្ចដំណើរការសាងសង់អគារក៏ដូចជាសុំសេចក្តីសុខ ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្រ្តីរាជការ និងឱ្យកម្ពុជាជួបតែសុខសន្តិភាពតរៀងទៅ។
តាមគម្រោង អគាររដ្ឋនេះ នឹងសាងសង់ឱ្យរួចរាល់ក្នុងរយៈពេលត្រឹមតែជាង៦ខែប៉ុណ្ណោះ។
អគាររដ្ឋបាលនេះដែរ គឺជាការគិតគូរ និងយកចិត្តទុកដាក់ពី ឯកឧត្តម ឃួង ស្រេង ក្នុងការរៀបចំឲ្យមន្រ្តីមានកន្លែងធ្វើការសមរម្យ ងាយស្រួលបម្រើសេវាជូនប្រជាពលរដ្ឋ ជាពិសេសស្របពេលដែលរាជធានីភ្នំពេញ កំពុងមានការអភិវឌ្ឍលើគ្របវិស័យ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដោយប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ មានការកើនឡើងជាលំដាប់ ក្នុងបរិបទនៃការរីកចម្រើន និងសុខសន្តិភាពពេញផ្ទៃប្រទេស ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕ ដោយ៖ សំអាត និង ពិសិដ្ឋ






