ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្នើឱ្យភាគី KOICA ពិនិត្យលទ្ធភាពលើការពង្រីកកិច្ចសហប្រតិ បត្តិ បន្ថែមទៀត ជាអាទិ៍ការរៀបចំនិងបំពាក់សម្ភារៈមន្ទីរ ពិសោធន៍នៃក្រសួងបរិស្ថាន ការគ្រប់គ្រងសំរាម សំណល់រឹង ការរៀបចំទីលានទុកដាក់សំរាម សំណល់រឹង ប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកស្អាតនៅថ្នាក់ក្រោមជាតិ ព្រមទាំងការ ពង្រីកទីផ្សារសម្រាប់ផលិតផលពីតំបន់ការពារធម្មជាតិ។
ការស្នើនេះធ្វើឡើងនារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានទទួលជួប ក្រុមការងារទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដឹកនាំដោយលោក Hyunjun Rho ប្រធាន KOICA ប្រចាំកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកន្លងមករវាងក្រសួងបរិស្ថាន និង KOICA ជាពិសេសលើកិច្ចគាំពារបរិស្ថាន។
ជាការឆ្លើយតប លោក Hyunjun Rho បានថ្លែងអំណរ គុណដល់ឯកឧត្តមរដ្ឋមន្ត្រី សម្រាប់ការគាំទ្រគម្រោងនានារបស់ KOICA កន្លងមក និងបានគូសបញ្ជាក់ថា កម្ពុជា គឺជាដៃគូដ៏សំខាន់មួយរបស់ KOICA ។ ជាមួយគ្នានេះ KOICA នឹងពិនិត្យលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិបន្ថែមទៀតលើវិស័យបរិស្ថានជាមួយកម្ពុជា៕
4