ឯ.ឧ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណ ការ និងដឹកជញ្ជូន បានប្រាប់ដល់ក្រុមរថយន្តដឹកជញ្ជូនត្រូវ គោរពច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក និងច្បាប់ ស្ដីពីផ្លូវថ្នល់។ ឯ.ឧ បញ្ជាក់ថា បើមិនចង់ឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធផាកពិ ន័យ និងឃាត់ទុក១ឆ្នាំទេនោះ ម្ចាស់ក្រុមហ៊ុនរថយន្តដឹក ជញ្ជូន កុំដឹកឲ្យលើសពី២០ភាគរយ នៃច្បាប់កំណត់ឲ្យ សោះ។
ថ្លែងក្នុងពិធីបើកឲ្យដំណើរការជាផ្លូវជាការមណ្ឌលផ្តល់សេវាសាធារណៈទី៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅផ្សារទំនើបហេរីថេក វ៉ក ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដានេះ ឯ.ឧទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មិនទទួលយកសំណើរបស់ក្រុមហ៊ុនដឹកជញ្ជូនក្នុងការបន្ធូរបន្ថយការដឹកលើសទំងន់ទេ តែប្រកាសបន្តវិធានការក្តៅចំពោះរថយន្តដឹកលើសទំងន់ដោយគ្មានការលើកលែង។
ការដឹកលើសកម្រិតទម្ងន់កំណត់នោះហើយ ជាដើមហេតុធ្វើឲ្យផ្លូវថ្នល់ឆាប់ខូច មុនអាយុកាលកំណត់របស់ផ្លូវ។
ការបញ្ជាក់របស់រដ្ឋមន្ត្រីនៅ ពេលនេះ ធ្វើឡើងបន្ទាប់ពីក្រុមអ្នកបើកបររថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២១ បានតវ៉ានាំគ្នានៅទីតាំងផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល ដើម្បីស្នើឲ្យក្រសួងសាធារណការ និងដឹកជញ្ជូនបន្ធូរបន្ថយ វិធានការផ្លូវច្បាប់។
កាលពីម្សិលម៉ិញ តំណាងក្រុមដឹកជញ្ជូនមួយចំនួនបានធ្វើការតវ៉ា ដោយបានស្នើសុំដំណោះស្រាយ៣ចំណុច រួម មាន៖ ១. ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៥៥តោន (បន្ថែម ១៥តោន) ចំពោះប្រភេទ យានយន្តភ្លៅ៥ (V1) ដែលក្នុងច្បាប់កំណត់ត្រឹមតែ៤០តោន ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៤៥តោន (បន្ថែម១៥តោន) ចំពោះប្រភេទយានយន្តភ្លៅ៤ ដែលក្នុងច្បាប់កំណត់ត្រឹមតែ៣០តោន ស្នើសុំផ្ទុកទម្ងន់ សរុបដល់៣៥តោន (បន្ថែម១០តោន) ចំពោះប្រភេទយាន យន្តភ្លៅ៣ ដែលក្នុងច្បាប់កំណត់ត្រឹមតែ២៥តោន និងស្នើសុំផ្ទុកទម្ងន់សរុបដល់ ២៥តោន (បន្ថែម៩តោន) ចំពោះប្រភេទយានយន្តភ្លៅ២ ដែលក្នុងច្បាប់កំណត់ត្រឹមតែ១៦ តោន។
២. ស្នើសុំត្រឹមកុំឱ្យមានឃាត់យានយន្តចំនួនមួយឆ្នាំដោយសុំត្រឹមតែពិន័យជាថវិកា។
៣ .ស្នើសុំដោះលែងយាន យន្តទាំងឡាយណា ដែលកំពុងឃាត់ទុកមួយឆ្នាំឲ្យចរាចរណ៍ដឹកជញ្ជូនបាន។ ទោះយ៉ាងណា ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានច្រាលចោលចំពោះការតវ៉ានេះ ដោយទាម ទារឲ្យក្រុមហ៊ុនដឹកជញ្ជូននីមួយ ត្រូវគោរពច្បាប់ជាធរមាន ដើម្បី ថែរក្សាផ្លូវឲ្យយូរអង្វែង៕






