តាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា៖ នាឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល៣ថ្ងៃ (១២-១៤ ខែកុម្ភៈ ២០២១) កម្ពុជាទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៨៩២.៦៣៨ នាក់ ថយចុះ២,២៣%ធៀបនឹងឆ្នាំ២០២០។
ក្នុងនោះ ភ្ញៀវជាតិប្រមា ណ ៨៨ម៉ឺន០.៥៥៣ នាក់កើនឡើង៦,០៥%(ប្រៀបចូលឆ្នាំចិន២០២០) ភ្ញៀវបរទេសផ្ទៃក្នុង ប្រមាណ ១២.០៨៥ នាក់ ថយចុះ ៨៥,៤០%(ប្រៀបចូលឆ្នាំចិន២០២០)។
ចំនួនភ្ញៀវទេសចរណ៏នៅថ្ងៃទី១ ទី១២ ខែកុម្ភៈ ភ្ញៀវសរុបប្រមាណ ២០ម៉ឺន៥.០៧៥ នាក់ ថ្ងៃទី២ ទី១៣ ខែកុម្ភៈ៖ ភ្ញៀវសរុបប្រមាណ ៤០៨.៥២១ នាក់ថ្ងៃទី៣ ទី១៤ ខែ កុម្ភៈ៖ ភ្ញៀវសរុបប្រមាណ ២៧៩.០៤២នាក់។គោលដៅទេសចរណ៍សំខាន់ៗមួយចំនួនរយៈពេល៣ថ្ងៃនេះ រួមមាន៖
− រាជធានីភ្នំពេញ៖ ១១៨,៥០២នាក់
− ខេត្តសៀមរាប ៖ ១១៧.៧៨៩ នាក់
− ខេត្តកំពត៖ ១០២.០២៦នាក់
− ខេត្តកែប៖ ៩២.៨០៤ នាក់
− ខេត្តព្រះសីហនុ៖ ៨២.០៦៥នាក់
− ខេត្តកណ្តាល៖ ៧២.៥១០ នាក់
− ខេត្តបាត់ដំបង៖ ៦២.៤៦៤នាក់
− ខេត្តកោះកុង៖ ៣៥.២២៥ នាក់
− ខេត្តកំពង់ស្ពឺ៖ ២៩.៧៧០នាក់
− ខេត្តពោធិ៍សាត់ ៖ ២៤.៧២៣នាក់។
តាមការវាយតម្លៃរបស់ក្រសួង ការចំណាយរបស់ភ្ញៀវទេស ចរ ហាក់មានកម្រិតទាបជាងពេលឈប់សម្រាកកន្លងមក ដោយពួកគាត់មួយចំនួនជ្រើសរើសការដើរកម្សាន្តនៅគោលដៅជិតៗ ចេញទៅពេលព្រឹក ហើយតត្រឡប់មកវិញពេលល្ងាច) ការដើរកម្សាន្តជាក្រុមគ្រួសារ និងខ្លះទៀតបានរៀបចំម្ហូបអាហារដែលសល់ពីការសែនមកតាមខ្លួនខ្លះ។
ទោះយ៉ាងណា លំហូរភ្ញៀវទេសចរទៅគ្រប់គោលដៅទេសចរណ៍នៅតាមបណ្តារាជធានី-ខេត្ត នៅតែជាចលករសំខាន់ក្នុងការទ្រទ្រង់វិស័យទេសចរណ៍មួយផ្នែក និងបង្កើតប្រាក់ចំណូលទៅដល់បងប្អូនប្រជាជននៅតាមមូលដ្ឋាន និងវិស័យឯកជនផងដែរ។
ក្រសួងបន្តថា គ្រប់គោលដៅទេសចរណ៍បានខិតខំអនុវត្តតាមគោលណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោមការណែនាំ និងចុះពិនិត្យផ្ទាល់ដល់មូលដ្ឋានរបស់គណៈអភិបាលរាជធានីខេត្ត។
ប៉ុន្តែនៅតាមគោលដៅទេសចរណ៍ដែលបងប្អូនសម្រុក ទៅកម្សាន្តច្រើនក្នុងពេលតែមួយ នៅមិនទាន់អាចអនុវត្តបានពេញលេញនៅឡើយ។ ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ ជាទូទៅមានភាពល្អប្រសើរមិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេ។ បញ្ហាសំរាម គ្រប់គ្រងបានល្អជាងមុន តែនៅតែមានបញ្ហានៅកន្លែងមួយចំនួននៅឡើយ៕







