កំពង់ស្ពឺ ៖ យុវជនជាជាងដែកម្នាក់ បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះបឋម និងដឹកបញ្ជូនយកទៅ សង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គបន្តទៀត ដោយសារតែយុវជនខាងលើកំពុងតែលើកដែក ដើម្បីធ្វើសំយ៉ាបផ្ទះអោយ គេ ហើយចៃដន្យអាក្រក់ លើកដែកទៅប៉ះចំខ្សែរកាប្លិ៍ បណ្តាលអោយឆ្លងចរន្តឆក់ប្រកាច់របួសខ្លោចពេញខ្លួន កាលពីវេលា ម៉ោង០៤និង១៥នាទីរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះពលរដ្ឋធ្វើសំយ៉ាបស្ថិតក្នុងភូមិតាំងរលាំង ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់មន្ត្រីនគរបាលស្រុកថ្ពង បាននិយាយអោយដឹងថា យុវជនរងគ្រោះមានឈ្មោះ ទិត្យ ចាន់ អាយុ២២ឆ្នាំ មុខរបរជាងផ្សារដែក រស់នៅក្នុងភូមិហុងត្នោត ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
នគរបាលដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុយុវជនរងគ្រោះខាងលើ និងជាងដ៏ទៃទៀត បានមកស៊ីឈ្នួល តសំយ៉ាបផ្ទះអោយគេ នៅកន្លែងកើតហេតុខាងលើ លុះពេលកំពុងធ្វើការងារ យុវជនរងគ្រោះ បានលើកដែកឡើងលើ ដើម្បីដាក់ផ្សារ ប៉ុន្តែចៃដន្យ សំណាងមិនល្អ ក៏បានប៉ះជាមួយខ្សែរកាប្លិ៍ (ខ្សែរកាប្លិ៍ដែលមានអំពែខ្ពស់) បណ្តាលឲ្យឆ្លងចរន្ត ភ្លើងឆក់យុវជនរូបនោះរបួសធ្ងន់ធ្ងរ។ ភ្លាមៗនោះ ប្រជាពលរដ្ឋបានជួយសង្គ្រោះយកយុវជនខាងលើកប់នឹងដីខ្សាច់ រួចក៏ បញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកឧដុង្គ ដើម្បីអោយលោកគ្រូពេទ្យសង្គ្រោះ។ អ៊ុ ណូន









