ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវជំនាញចាប់ខ្លួន ពាក់ព័ន្ធករណី ឃាតកម្ម (ប្លន់សម្លាប់) ដោយចុះស្រាវជ្រាវឃាត់ខ្លួនបាន កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ទាក់ទិនបញ្ហានេះ លោក ឧត្តមសេនីទោយ៍ ជួន ណារិន្ន ស្នងការនគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៣ និង០០នាទី ស្ថិតនៅព្រៃជើងភ្នំថ្មដា ភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ មានករណីប្រជាពលរដ្ឋ បានប្រទះ ឃើញ សាកសពបុរសម្នាក់ស្លាប់ ដោយមិន ដឹងមូល ហេតុ។
ប៉ុន្តែភ្លាមៗ ក្រោយសមត្ថកិច្ច ទទួលបានព័ត៌មាននេះ ទើប កម្លាំង អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងអាវុធហត្ថស្រុក ព្រមទាំង កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលពាក់ព័ន្ធ បានចុះទៅ ពិនិត្យសាកសព និងកន្លែង កើតហេតុឃើញថា ស្ថានភាពសព បានដេកផ្ងា ហើយមានស្នាមរបួសក្បាល ផ្នែកខាងក្រោយ និងផ្នែកខាងមុខ ដោយស្លៀកខោខ្លីពណ៌ស អត់មាន ពាក់អាវទេ។
លោក ឧត្តមសេនីទោយ៍ ជួន ណារិន្ទ បន្តថា បើតាមការបំភ្លឺ របស់ម្តាយយុវជន រងគ្រោះ ឈ្មោះ ចាន់ ដា អាយុ ៤៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឲ្យដឹងថា កូន ប្រុស គាត់មាន ឈ្មោះ ផាត ភារៈ ភេទប្រុស អាយុ ១៩ឆ្នាំ។ អ្នកស្រីបន្តថា នៅម៉ោង ២១ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ កូនគាត់ បានសុំគាត់ចេញពីផ្ទះ ដោយជិះម៉ូតូម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ ព្រះសីហនុ 1H-9772 ពណ៌ខ្មៅ ដោយសុំជិះទៅទិសខាងត្បូងមួយភ្លែត ។
ហើយ មុនពេលសុំគាត់ ចាកចេញពីផ្ទះ គឺមានគេតេទូរស័ព្ទហៅកូនគាត់ ដោយកូន របស់គាត់ប្រើ ទូរស័ព្ទលេខ 070 702 815។អាណាព្យាបាលរូបនេះបន្តថា សម្ភារបាត់បង់មាន ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៩ ពាក់ស្លាកលេខ1H-9772 ចំនួន ០១គ្រឿង។យ៉ាងណាក៏ ដោយ ចុះ តាមការសន្និដ្ឋាន ជំហ៊ានដំបូង របស់សមត្ថកិច្ចថា ករណីខាងលើ នេះ គឺជាករណីឃាតកម្ម(ប្លន់សម្លាប់)។បច្ចុប្បន្នសពយុវជន បន្ទាប់ពីកម្លាំងជំនាញ បានធ្វើកោសល្យវិច្ច័យរួច ក៏បានប្រគល់ទៅឲ្យក្រុមគ្រួសារសព ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ថា ករណីនេះកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់បានចុះ ស្រាវ ជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតមកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៤ និង១៥នាទី ទើបកម្លាំងជំនាញ បានកំណត់មុខសញ្ញាឈាន ទៅចុះឃាត់ ខ្លួនជនសង្ស័យឈ្មោះ ចាន់ លីឈាង ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរកម្មករជ្រៀកឈើ មានទីលំនៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ពេលឃាត់ខ្លួននោះ សមត្ថកិច្ច បានដកហូតម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ១H-៩៩៧២ ជារបស់ជនរងគ្រោះ។តាមចម្លើយ សារភាព របស់ជនសង្ស័យ បានរៀបរាប់ថា ខ្លួនពិតជាបានធ្វើសកម្មភាព វាយសម្លាប់ប្លន់យកម៉ូតូ របស់ជនរងគ្រោះ ពិតប្រាកដមែន។
ជនសង្ស័យបន្តថា រូបគេបានទូរស័ព្ទហៅជនរងគ្រោះ ឲ្យមក ជក់ថ្នាំញៀនជាមួយគ្នា ប៉ុន្តែពេលជក់រួច ជនរងគ្រោះរៀបចំ វិលត្រឡប់ ទៅផ្ទះ វិញ ទើបរូបគេ ក៏បានយកដុំថ្មវាយទៅលើជនរងគ្រោះចំនួន ០៣ដុំថ្ម បណ្តាល ឲ្យជនរងគ្រោះដួលទៅលើថ្ម ហើយរូបគេ ក៏ជិះម៉ូតូជនរងគ្រោះសំដៅ ទៅក្រុង ព្រះសីហនុ ដើម្បីលក់ ប៉ុន្តែគ្មានអ្នកហ៊ានទិញ ព្រោះគ្មានប័ណ្ណសំគាល់(កាតគ្រី) ទើបជិះម៉ូតូត្រឡប់មកផ្ទះវិញ។ លុះដល់វេលាម៉ោងខាងលើទើប ត្រូវនគរបាល ឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានឃុំខ្លួនបណ្តោះ អាសន្ននៅអធិការដ្ឋាន នគរបាលស្រុកព្រៃនប់ ដើម្បីសួរនាំឈានទៅកសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕






